កម្មករកាកបាទក្រហម និងក្រុមការពារជនស៊ីវិល បានបញ្ចុះសាកសពស្អុយរលួយ ១២០នាក់ នៅទីក្រុង Goma គឺជាការងារមួយមានគោលដៅបន្ធូរបន្ថយសំពាធលើកន្លែងតម្កល់សពហូរហៀរ រយៈពេល ១សប្តាហ៍ ក្រោយក្រុមឧទ្ទាម M23 ដណ្តើមបានទីក្រុងធំបំផុតស្ថិតនៅភាគខាងកើតប្រទេសកុងហ្គោមួយនេះ ។
ការបញ្ចុះសពទ្រង់ទ្រាយធំដែលធ្វើឡើងក្រោមក្រសែភ្នែកឃ្លាំមើលពីក្រុមយុទ្ធជន M23នេះ បានកើតមាន ពេលដែលក្រសួងសុខាភិបាលកុងហ្គោ រាយការណ៍ថា មនុស្ស ៧៧៣នាក់ ត្រូវបានសម្លាប់ និងមនុស្ស ២.៨០០នាក់ផ្សេងទៀត រងរបួសនៅក្នុង និងជុំវិញទីក្រុង Goma ក្រោយការដណ្តើមយកទីក្រុងមួយនេះ ។

កម្មករបំពាក់ដោយឧបករណ៍ការពារ បានដាក់ចុះថង់សាកសពដោយប្រុងប្រយ័ត្នចូលទៅក្នុងផ្នូរដ៏ធំមួយនៅទីស្មាសានសាធារណៈ ។
អ្នកស្រី Myriam Favier គឺជាអ្នកគ្រប់គ្រងការិយាល័យកាកបាទក្រហម ICRC នៅខេត្ត North Kivu បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា វាពិតជាការប្រណាំងជាមួយពេលវេលា ប៉ុន្តែធនធានចាំបាច់ ពួកយើងមាន ។
អ្នកស្រីបន្តថា លទ្ធភាពមានដែនកំណត់នៅកន្លែងតម្កល់សព ការដាច់ចរន្តអគ្គិភ័យធ្វើឲ្យប៉ះពាល់ដល់ការបង្កកសព និងការខ្សត់កន្លែងបញ្ចុះសព បានក្លាយជាការងារលំបាកធំ ។
ជម្លោះ បានធ្វើឲ្យមនុស្សកន្លះលាននាក់ជម្លៀសខ្លួន ធ្វើឲ្យមានក្តីបារម្ភដល់អស្ថិរភាពក្នុងតំបន់ និងបង្ខំឲ្យមានការអំពាវនាវពីរដ្ឋាភិបាលកុងហ្គោឲ្យមានទណ្ឌកម្មលើប្រទេសរ៉្វាន់ដា សម្រាប់ការគាំទ្រចោទប្រកាន់របស់ពួកគេដល់ក្រុមឧទ្ទាម M23៕

