រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth បានបំពេញដំណើរទស្សនកិច្ចលើកដំបូងរបស់លោកចាប់តាំងពីកាន់ឡើងតំណែង ទៅកាន់តំបន់ព្រំដែនសហរដ្ឋអាមេរិកជាមួយម៉ិកស៊ិក ។
លោក Hegseth ត្រូវបានចូលរួមដោយមន្រ្តីព្រំដែនរបស់សេតវិមានលោក Tom Homan ហើយមន្រ្តីទាំង ២រូប បានជួបទាហានទទួលបន្ទុកគោលដៅសម្រេចការគ្រប់គ្រងព្រំដែន ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានងាកមករកយោធា ដើម្បីជួយអនុវត្តរបៀបវារៈអន្តោប្រវេសន៍របស់លោក រួមទាំងការបញ្ជូនទាហានបន្ថែមទៀតទៅកាន់ព្រំដែន ប្រើប្រាស់យន្តហោះយោធាដឹកជនអន្តោប្រវេសន៍ចេញពីសហរដ្ឋអាមេរិក និងបើកមូលដ្ឋានយោធា ដើម្បីជួយផ្តល់កន្លែងស្នាក់នៅដល់ពួកគេ ។
លោក Trumpoបានប្រកាសគ្រាអាសន្នជាតិក្រោមច្បាប់កម្លាំងសេដ្ឋកិច្ចសង្រ្គោះបន្ទាន់ កាលពីថ្ងៃសៅរ៍ ដោយរូបលោកបានលើកឡើងពីការគំរាមកំហែងមិនធម្មតាពីសារធាតុញៀនហ្វេតានីល និងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ហើយលោកបានដំឡើងពន្ធលើទំនិញរបស់ម៉ិកស៊ិក កាណាដា និងចិន ។
លោក Trump បាននិយាយកាលពីសប្តាហ៍មុនថា លោកបានពង្រីកទីតាំងឃុំខ្លួននៅមូលដ្ឋានកងទ័ពជើងទឹកសហរដ្ឋអាមេរិក ស្ថិតនៅឆកសមុទ្រ Guantanamo ប្រទេសគុយបា ដើម្បីទទួលជនអន្តោប្រវេសន៍ ៣ម៉ឺននាក់ ។
លោក Tom Homan និយាយថា លោកសង្ឃឹមថា នឹងចាប់ផ្តើមបំលាស់ទីជនអន្តោប្រវេសន៍ទៅកាន់ទីនោះ ក្នុងរយៈពេល ៣០ថ្ងៃ ។
ខណៈពេលនោះដែរ ម៉ិកស៊ិកយល់ព្រមពង្រឹងតំបន់ព្រំដែនភាគខាងជើងរបស់ខ្លួន ជាមួយសមាជិកឆ្មាំជាតិ ១ម៉ឺននាក់ ដើម្បីកាត់បន្ថយលំហូរការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងគ្រឿងញៀន ៕