ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ សរុបបានប្រមាណជិត ៩ ៣៧៩ ប៊ីលានរៀល ត្រូវជាង ២ ៣១៥ លានដុល្លារអាមេរិក រយៈពេល១០ខែ ឆ្នាំ២០២១ បើធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នាឆ្នាំ២០២០ ថយចុះចំនួនជាង ៤៩៩ប៊ីលានរៀល ត្រូវប្រមាណជាង ១២៣ លានដុល្លារអាមេរិក។
អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញរបាយការណ៍ បូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែ តុលា និងសម្រាប់រយៈពេល ១០ខែ ឆ្នាំ២០២១ នៅថ្ងៃទី១១ខែ វិច្ឆិកា ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារប្រមូលបាន តាមរយៈការអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ បានចំនួនជិត ៨៤៣ ប៊ីលានរៀល ត្រូវប្រមាណជាង ២០៨ លានដុល្លារអាមេរិក ស្មើនឹង ៩,២៨% នៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ បើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំ ខែតុលា ឆ្នាំ២០២០ ឃើញថា កើនឡើងជាង ៥០ ប៊ីលានរៀល ត្រូវជាង ១២លានដុល្លារអាមេរិក ឬស្មើជាង ៦%។
ចំណែកសរុបការប្រមូលចំណូលរយៈពេល១០ខែវិញ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ សរុបបានមានចំនួនជិត ៩ ៣៧៨ ប៊ីលានរៀល បើគិតជាដុល្លារត្រូវប្រមាណជាង ២ ៣១៥ លានដុល្លារអាមេរិក ស្មើជាង ១០៣% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ ក្នុងនោះបើធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នាឆ្នាំ២០២០ គឺថយចុះជាង ៤៩៩ ប៊ីលានរៀល ត្រូវជាង ១២៣ លានដុល្លារអាមេរិក ស្មើនឹង -៥,០៥%។
ជុំវិញការប្រមូលចំណូលពន្ធនេះ តាមការបញ្ជាក់ពីអគ្គនាយកដ្ឋានពន្ធដារ ថា ការឆ្លងកាត់ស្ថានភាពដ៏លំបាកនៃការរីករាលដាលខ្លាំង នៃជំងឺកូវីដ-១៩ លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់រយៈពេល ១០ខែ ឆ្នាំ២០២១ ទោះបីជាមិនប្រសើរជាងរយៈពេលដូចគ្នា ឆ្នាំ២០២០ ប៉ុន្តែអាចនៅមានស្ថានភាពល្អប្រសើរ ដោយសម្រេចបានលទ្ធផលលើសការរំពឹងទុក និងផែនការហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២១។
លទ្ធផលជាទីមោទនៈនេះ គឺមិនអាចកាត់ផ្តាច់ចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាពិសេសការគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ-១៩ បានពេញលេញ និងមានប្រសិទ្ធិភាពខ្ពស់ តាមរយៈចាត់វិធានការជាយុទ្ធសាស្រ្តក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា ប្រកបដោយស្មារតីបុរេសកម្ម និងទាន់ពេលវេលា ដែលអាចកសាងភាពធន់របស់សហគមន៍ ទៅនឹងជំងឺរាតត្បាតនេះ ហើយជំរុញឱ្យប្រទេសជាតិអាចបើកដំណើរការសេដ្ឋកិច្ចឡើងវិញនៅក្នុងខែវិច្ឆិកានេះ ដែលនឹងអាចសង្ឃឹមថា ស្ថានភាពសេដ្ឋកិច្ចនឹងអាចងើបឡើងវិញតាមការរំពឹងទុករបស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ សុន រ៉ាឌី
