ប្រភពចំនួន ៤ ដែលដឹងពីបញ្ហានេះ បាននិយាយថា ប្រធានាធិបតីអន្តរកាលនៃប្រទេសស៊ីរីលោក Ahmed Al-Sharaa និងប្រធានាធិបតីទួរគី លោក តាយីប អឺដូហ្កាន់ (Tayyip Erdogan) ត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នា អំពីកិច្ចព្រមព្រៀងការពារជាតិរួមគ្នា នៅទីក្រុងអង់ការ៉ា នៅថ្ងៃអង្គារនេះ រួមទាំងការបង្កើតមូលដ្ឋានទ័ពអាកាសទួរគី នៅភាគកណ្តាលប្រទេសស៊ីរី និងការហ្វឹកហ្វឺនសម្រាប់កងទ័ពថ្មីរបស់ ស៊ីរី។
ប្រទេសទួរគី ជាសមាជិកអង្គការណាតូ បានគាំទ្រជាយូរមកហើយនូវការប្រឆាំងប្រដាប់អាវុធ និងនយោបាយរបស់ប្រទេសស៊ីរី ចំពោះមេដឹកនាំដែលត្រូវបានបណ្តេញចេញលោក បាសា អាល់អាសាដ (Bashar al-Assad) ដែលត្រូវបានផ្តួលរំលំ កាលពីចុងខែធ្នូ ក្នុងការវាយលុកដ៏ឆាប់រហ័យដែលដឹកនាំដោយកងកម្លាំងរបស់លោក Sharaa។
ទីក្រុងអង់ការ៉ា កំពុងដាក់ខ្លួន ដើម្បីដើរតួនាទីយ៉ាងសំខាន់ ក្នុងប្រទេសស៊ីរីថ្មី ដោយបំពេញចន្លោះប្រហោងដែលបន្សល់ទុកដោយអ្នកគាំទ្រប្រចាំតំបន់ដ៏សំខាន់របស់លោក អាសាដ គឺអ៊ីរ៉ង់ ក្នុងការពង្រីកឥទ្ធិពលរបស់ទួរគី ដែលអាចជំរុញឲ្យមានការប្រកួតប្រជែងជាមួយរដ្ឋឈូងសមុទ្រអារ៉ាប់ និងធ្វើឲ្យអ៊ីស្រាអែលព្រួយបារម្ភ។
ប្រភពនានា រួមមានមន្ត្រីសន្តិសុខស៊ីរី ប្រភពសន្តិសុខបរទេសពីរដែលមានមូលដ្ឋាន នៅទីក្រុងដាម៉ាស និងមន្ត្រីស៊ើបការណ៍ជាន់ខ្ពស់ក្នុងតំបន់ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ខណៈដែលពួកគេ មិនត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអំពីកិច្ចប្រជុំនេះ។