បើយោងតាមការសិក្សា ដែលបានចេញផ្សាយនៅថ្ងៃអង្គារ (ទី៤ ខែកុម្ភៈ) នេះ បានរកឃើញថា បរិយាកាសដែលពេញទៅដោយការបំពុល កំពុងបង្កឲ្យមានការកើនឡើងនូវប្រភេទជំងឺមហារីកសួតទូទៅ ក្នុងចំណោមអ្នកមិនជក់បារី ដោយស្ត្រី និងប្រជាជន ក្នុងតំបន់អាស៊ីអាគ្នេយ៍រងគ្រោះខ្លាំងបំផុត។
ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយ នៅក្នុងទស្សនាវដ្តី Lancet Respiratory Medicine ក្នុងទិវាជំងឺមហារីកពិភពលោក បានបង្ហាញថា ជំងឺមហារីកសួត គឺជាប្រភេទជំងឺមហារីកទូទៅបំផុត ដែលមានមនុស្ស ២,៥លាននាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមានជំងឺនេះ នៅឆ្នាំ២០២២។ អ្នកមានជំងឺភាគច្រើន ជាបុរស ប៉ុន្តែមានចំនួនកើនឡើងជិត ១លានករណីក្នុងចំណោមស្ត្រី។
ជាមួយគ្នានេះ នៅក្នុងការសិក្សាដែលត្រូវបានផ្តល់មូលនិធិដោយប្រទេសចិន អ្នកនិពន្ធ បានសរសេរថា ប្រភេទដ៏សំខាន់បន្ទាប់មួយនៃមហារីកសួត គឺប្រភេទមហារីកក្រពេញ ត្រូវបានជួបប្រទះខ្លាំងបំផុតក្នុងចំណោមស្ត្រី នៅក្នុង ១៨៥ប្រទេស។
ការស្រាវជ្រាវនេះបានឲ្យដឹងថា៖ «បរិយាកាសកខ្វក់ អាចត្រូវបានចាត់ទុកថា ជាកត្តាសំខាន់រួមចំណែកដល់ការកើនឡើងនូវប្រភេទមហារីកក្រពេញ ដែលមានពីកម្រិត ៥៣ ទៅ ៧០ភាគរយនៃករណីមហារីកសួត ក្នុងចំណោមអ្នកដែលមិនធ្លាប់ជក់បារី នៅទូទាំងពិភពលោក»។
ការសិក្សាបានរកឃើញថា ជំងឺនេះបានកើនឡើង ទាំងក្នុងចំណោមបុរស និងស្ត្រី ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ដោយកម្រិតខ្ពស់បំផុតក្នុងចំណោមស្ត្រី ពោលគឺមានកើតជំងឺនេះប្រហែល ៦នាក់ ក្នុងចំណោម ១០ករណី៕