ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ (០៤ កុម្ភៈ) ថា លោកមិនប្រញាប់ពិភាក្សាជាមួយប្រធានាធិបតីចិន Xi Jinping នោះទេ ដើម្បីព្យាយាមបញ្ចៀសសង្គ្រាមពាណិជ្ជកម្មថ្មីរវាងប្រទេសសេដ្ឋកិច្ចធំជាងគេលើពិភពលោក ដែលបង្កឡើងដោយពន្ធបន្ថែម ១០% របស់អាមេរិក លើការនាំចូលរបស់ចិន ទាំងអស់។

ប្រទេសចិន បានដាក់ពន្ធសងសឹកកំណត់គោលដៅលើការនាំចូលរបស់អាមេរិក កាលពីថ្ងៃអង្គារ ហើយបានដាក់ក្រុមហ៊ុនជាច្រើនរួមទាំង Google លើការជូនដំណឹងពីការដាក់ទណ្ឌកម្មដែលអាចកើតមាន នៅក្នុងវិធានការឆ្លើយតបចំពោះពន្ធរបស់លោក Trump។

នៅពេលត្រូវសាកសួរពីពន្ធសងសឹករបស់ចិន លោក Trump បាននិយាយនៅឯសេតវិមានថា "ប៉ុណ្ណឹងមិនអីទេ"។
ការសន្ទនារវាងលោក Xi និងលោក Trump ត្រូវបានគេមើលឃើញថាជាគន្លឹះដ៏មានសក្តានុពលក្នុងការបន្ធូរបន្ថយ ឬពន្យារពេលពន្ធគយ ដូចដែលការសន្ទនាជាមួយមេដឹកនាំម៉ិកស៊ិក និងកាណាដា ដែលនាំទៅដល់ការផ្អាកដំឡើងពន្ធកាលពីថ្ងៃចន្ទ។

ការឆ្លើយតបមានកំណត់របស់ទីក្រុងប៉េកាំង ចំពោះការដំឡើងពន្ធ ១០% លើការនាំចូលទាំងអស់របស់ចិន បានគូសបញ្ជាក់ពីការប៉ុនប៉ងរបស់អ្នកបង្កើតគោលនយោបាយចិន ដើម្បីចូលរួមជាមួយលោក Trump ក្នុងកិច្ចពិភាក្សា ដើម្បីបញ្ចៀសសង្គ្រាមពាណិជ្ជកម្មទ្រង់ទ្រាយធំរវាងប្រទេសសេដ្ឋកិច្ចធំជាងគេទាំងពីរក្នុងពិភពលោក៕