អ្នកនាំពាក្យក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសបាននិយាយកាលពីថ្ងៃអង្គារ ៤កុម្ភៈ ថា ការពិភាក្សាបានចាប់ផ្តើមដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា។

ដំណាក់កាលដំបូងនៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានចូលជាធរមាននៅថ្ងៃទី ១៩ ខែមករាដើមឆ្នាំ២០២៥នេះ បន្ទាប់ពីសង្គ្រាមរយៈពេល ១៥ ខែ និងពាក់ព័ន្ធការបញ្ឈប់ការប្រយុទ្ធគ្នា ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលមួយចំនួន ដែលក្រុមហាម៉ាសឃុំខ្លួន និងការដោះលែងអ្នកទោសប៉ាឡេស្ទីនមួយចំនួន។
ដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងបីដំណាក់កាលមានបំណងផ្តោតលើកិច្ចព្រមព្រៀងស្តីពីការដោះលែងចំណាប់ខ្មាំង ដែលនៅសេសសល់ និងការដកទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា។

អ្នកនាំពាក្យក្រុមហាម៉ាស លោក Abdel-Latif Al-Qanoua បាននិយាយដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមថា ការប្រាស្រ័យទាក់ទង និងការចរចាលើដំណាក់កាលទីពីរបានចាប់ផ្តើមហើយ ។

បទឈប់បាញ់រយៈពេលប្រាំមួយសប្តាហ៍ដំបូង ដែលយល់ព្រមជាមួយក្រុមអ្នកសម្របសម្រួលអេហ្ស៊ីប និងកាតា និងគាំទ្រដោយសហរដ្ឋអាមេរិក នៅតែរក្សាដដែល ប៉ុន្តែការរំពឹងទុកសម្រាប់ដំណោះស្រាយយូរអង្វែងគឺមិនច្បាស់លាស់។
ការចរចានេះបានធ្វើឡើងស្របពេលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahuបានជួបពិភាក្សាជាមួយប្រធាធិបតីTrump សម្រាប់អនាគតនៅក្នុងដែនដីហ្កហ្សា៕