ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា អ៊ុយក្រែនបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីចូលរួមកិច្ចចរចាដើម្បីបញ្ចប់សង្រ្គាមជិត ៣ឆ្នាំរបស់ខ្លួនជាមួយរុស្ស៊ី ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក និងអឺរ៉ុប ក៏ត្រូវតែចូលរួមក្នុងកិច្ចចរចាណាមួយផងដែរ។
លោក Zelenskiy ដែលបានអំពាវនាវជាយូរមកហើយឱ្យកងទ័ពរុស្ស៊ីទាំងអស់ចាកចេញពីអ៊ុយក្រែនជាបុរេលក្ខខណ្ឌនោះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះបានលើកឡើងពីតម្រូវការសម្រាប់កិច្ចពិភាក្សាស្តីពីការរំកិលជម្លោះទៅរកចុងបញ្ចប់ "ដោយយុត្តិធម៌"។
វិមានក្រឹមឡាំង ដែលកងកម្លាំងរបស់ខ្លួនមានប្រៀបជាច្រើនខែលើភាគខាងកើតអ៊ុយក្រែន បាននិយាយនៅសប្តាហ៍នេះថា វាលឿនពេកក្នុងការពិចារណាកិច្ចចរចាបួនផ្លូវដែលមេដឹកនាំអ៊ុយក្រែនស្នើឡើង។
លោក Zelenskiy និយាយក្នុងកិច្ចសម្ភាសន៍មួយថា ប្រសិនបើការអង្គុយទល់មុខលោក វ៉្លាឌីមៀ ពូទីន នៅតុចរចា "គឺជាការរៀបចំតែមួយគត់ដែលអាចនាំមកនូវសន្តិភាពដល់ពលរដ្ឋអ៊ុយក្រែនបាននោះ ប្រាកដណាស់ថាយើងនឹងចូលរួម ប៉ុន្តែត្រូវតែមានអ្នកចូលរួមទាំងបួននេះ ពោលគឺអាមេរិក អឺរ៉ុប អ៊ុយក្រែន និងរុស្ស៊ី"។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានច្រានចោលម្តងហើយម្តងទៀតថាមិនឱ្យលោក Zelenskiy ចូលរួមក្នុងកិច្ចចរចាណាមួយឡើយ ដោយនិយាយថា លោកបានបរាជ័យក្នុងការរៀបចំបោះឆ្នោត នៅពេលអាណត្តិរបស់លោកបានបញ្ចប់ក្នុងខែឧសភា ឆ្នាំ២០២៤។ អ៊ុយក្រែននិយាយថា គ្មានការបោះឆ្នោតណាមួយអាចធ្វើទៅបានតាមផ្លូវច្បាប់ទេ ដោយសារច្បាប់អាជ្ញាសឹកនៅមានជាធរមាន៕