ភ្នំពេញ ៖ នៅពេលនេះ ក្រសួងទេសចរណ៍បានរៀបចំបទដ្ឋានគតិយុត្តស្តីពី វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា SOP តាមគន្លងប្រក្រតីភាពថ្មី រួចហើយ ដើម្បីអនុញ្ញាតឲ្យអាជីវកម្មម៉ាស្សាអាជីវកម្មខារ៉ាអូខេ និងអាជីកម្មក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក អនុវត្តន៍ និងត្រៀមបើកដំណើរការឡើងវិញនៅថ្ងៃខាងមុខ។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ បទដ្ឋានគិតយុត្តស្តីពីវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា SOP តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មម៉ាស្សាអាជីវកម្មខារ៉ាអូខេ និងអាជីកម្មក្លឹបកម្សាន្តរង្គសាល ឌីស្កូតែក សម្រាប់ត្រៀមបើកដំណើរការឡើងវិញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា មកដល់ពេលនេះ គ្រប់អាជីវកម្មដ្ឋាន ម៉ាស្សា ខារ៉ាអូខេ និងក្លឹបកម្សាន្តរង្គសាល ឌីស្កូតែក នៅមិនទាន់អនុញ្ញាតអោយបើកឡើងវិញទេ ប៉ុន្តែនៅពេលនេះអាជីវកម្មដ្ឋានទាំងនេះ ក៏ត្រូវរៀបចំទីតាំងផងដែរ ដើម្បីត្រៀមបើកនៅថ្ងៃខាងមុខនេះ។
ឯកឧត្តម រដ្ឋមន្ត្រី បន្តថា ទោះយ៉ាងណា គ្រប់គ្រប់អាជីវកម្មដ្ឋានម៉ាស្សា ខារ៉ាអូខេ និងក្លឹបកម្សាន្តរង្គសាល ឌីស្កូតែកនានា មុននឹងបើកដំណើរការ គឺត្រូវស្នើសុំរដ្ឋបាលរាជធានីខេត្ត ដោយមានមន្ត្រីជំនាញទេសចរណ៍ចុះទៅត្រួតពិនិត្យ និងវាយតម្លៃទីតាំងអាជីវកម្ម ដោយត្រូវរៀបចំអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា SOP ឲ្យបានត្រឹមត្រូវជាមុនសិន ទើបយើងអនុញ្ញាតឱ្យបើក ហើយអាជីវកម្មណាដែលអនុវត្តមិនបានល្អ អាជ្ញាធរមូលដ្ឋានត្រូវឲ្យរៀបចំអោយបិទវិញផងដែរ។
មកដល់ពេលនេះ រាជរដ្ឋាភិបាលនៅមិនទាន់បានកំណត់ថ្ងៃអោយបានច្បាស់លាស់អំពីការប្រកាសបើកអាជីវកម្មដ្ឋានម៉ាស្សាអាជីវកម្មខារ៉ាអូខេ និងអាជីកម្មក្លឹបកម្សាន្តរង្គសាល ឌីស្កូតែកជាផ្លូវការនោះទេ ប៉ុន្តែប្រសិនបើក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថានភាពការរាតត្បាតកូវីដ១៩ នៅតែបន្តការធូរស្រាលខ្លាំង គឺរាជរដ្ឋាភិបាលអាចនឹងប្រកាសបើក។
នៅក្នុងសេចក្តីណែនាំស្តីពីដាក់ឲ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មម៉ាស្សាអាជីវកម្មខារ៉ាអូខេ និងអាជីវកម្មក្លឹបកម្សាន្តរង្គសាល ឌីស្កូតែកនេះ ក្រសួងបានណែនាំអោយអនុវត្តលើកាងារចំនួន៦ចំណុចរួមមាន ៖
១៖ អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ត្រូវរៀបចំផែនការកែតម្រូវសម្បទាអាជីវកម្មរបស់ខ្លួនឱ្យស្របនឹងលក្ខខណ្ឌតម្រូវ។ ២៖ ត្រូវរៀបចំឱ្យមានផែនការសកម្មភាពច្បាស់លាស់ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងត្រូវគិតគូរអំពីបញ្ហាសុវត្ថិភាពភ្ញៀវ សុវត្ថិភាពបុគ្គលិក និងសុវត្ថិភាពសង្គមជាតិជាអាទិភាព។ ៣៖ អាជីវកម្ម ត្រូវរៀបចំឱ្យមានការបណ្ដុះបណ្ដាលបុគ្គលិកជាប្រចាំ អំពីខ្លឹមសារវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងបដិសណ្ឋារកិច្ចល្អ ដើម្បីការពង្រឹងគុណភាពសេវាកម្មឱ្យបានល្អ។ ៤៖ អាជីវកម្ម ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការទាំងឡាយ ដែលដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ។ ៥៖ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយនានា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេសគាំទ្រដល់គោលនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល ឱ្យបានគ្រប់ចំនួនដូសតាមការកំណត់របស់ក្រសួងសុខាភិបាល។ ៦៖ អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ត្រូវអនុវត្តនិងប្រើប្រាស់ឱ្យបានត្រឹមត្រូវនូវគ្រប់ប្រព័ន្ធបច្ចេកវិទ្យាដែលបានដាក់ឱ្យអនុវត្តកន្លងមកដោយរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន ការស្កេន QR Code ទប់ស្កាត់កូវីដ-១៩ និងប្រព័ន្ធ Telegram BOT គ្រប់គ្រងទិន្នន័យភ្ញៀវក្នុងឧស្សាហកម្មទេសចរណ៍ជាដើម៕
អត្ថបទ ស៊ុម សុខជា