មនុស្សម្នាជាច្រើន និងសាច់ញាតិរបស់ចំណាប់ថ្នូរដែលក្រុមហាម៉ាសចាប់ឃុំខ្លួន រួមជាមួយនឹងសមាជិកសហគមន៍អ៊ីស្រាអែល បានប្រមូលផ្ដុំគ្នាតវ៉ានៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (០៤ កុម្ភៈ) ដោយជំរុញឱ្យរដ្ឋាភិបាលអាមេរិក ចាត់វិធានការបន្ទាន់ដើម្បីជួយធានាការដោះលែងអ្នកជាប់ឃុំទាំងនោះ។

សាច់ញាតិចំណាប់ថ្នូរជាច្រើនបានចូលរួមក្នុងការតវ៉ានោះ ដោយសម្ដែងកង្វល់របស់ពួកគេ និងបាននិយាយថា "សូមកុំបញ្ឈប់ត្រឹមនេះអី។ បើកិច្ចព្រមព្រៀងដួលរលំ ចំណាប់ថ្នូរទាំងនោះនឹងត្រូវស្លាប់ ហើយអាមេរិក គឺជាអ្នកដែលអាចទប់ស្កាត់រឿងទាំងនោះបាន"។

កាលពីខែមុន អ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងដ៏ស្មុគស្មាញ៣ដំណាក់កាល ដែលបញ្ឈប់ការប្រយុទ្ធគ្នានៅដែនដីហ្កាហ្សា។ មកទល់ពេលនេះ ក្រុមហាម៉ាស បានដោះលែងចំណាប់ថ្នូរ ១៨នាក់ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់។

ដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងនេះ ត្រូវបានគេរំពឹងថានឹងរួមបញ្ចូល ការដោះលែងចំណាប់ថ្នូរសល់ទាំងអស់ដែលត្រូវបានឃុំខ្លួននៅហ្កាហ្សា ដោយក្រុមហាម៉ាស ការបញ្ចប់ជាអចិន្ត្រៃយ៍ចំពោះអរិភាព និងការដកកងកម្លាំងអ៊ីស្រាអែល ទាំងស្រុងចេញពីតំបន់ហ៊ុមព័ទ្ធនោះ៕