ក្រុមមន្ត្រីអាមេរិក បានការពារការលើកឡើងរបស់លោកប្រធានាធិបតី Donald Trump ដែលថា ប្រជាជនប៉ាឡេស្ទីនកាន់តែច្រើននៅក្នុងតំបន់ហ្កាហ្សាដែលហែកហួរដោយសង្រ្គាម គួរតែផ្លាស់ប្តូរទីលំនៅទៅប្រទេសជិតខាង ហើយទទូចថា លោក Trump កំពុងតែព្យាយាមមើលបញ្ហាតាមជាក់ស្តែងប៉ុណ្ណោះ។

នៅមុនកិច្ចពិភាក្សាថ្ងៃអង្គារ (០៤ កុម្ភៈ) របស់លោក Trump ជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បេសកជនពិសេសប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz បានប្រឹងប្រែងសម្រួលស្ថានការណ៍ នូវអ្វីដែលត្រូវគេមើលឃើញយ៉ាងទូលំទូលាយថាជាការអំពាវនាវរបស់លោក Trump សម្រាប់ការជម្លៀសទ្រង់ទ្រាយធំនៃពលរដ្ឋហ្កាហ្សាចេញពីតំបន់ហ៊ុមព័ទ្ធ ជាអ្វីដែលរដ្ឋអារ៉ាប់ និងមេដឹកនាំប៉ាឡេស្ទីន ជំទាស់យ៉ាងខ្លាំង។

ប្រសិតពិសេសប្រចាំតំបន់មជ្ឈិមបូព៌ា លោក Waltz បាននិយាយថា "យើងត្រូវតែមើលទៅភាពជាក់ស្តែង ជាពិសេសទៅលើថា តើត្រូវសាងសង់ហ្កាហ្សាឡើងវិញដោយរបៀបណា និងត្រូវការពេលប៉ុណ្ណា? មនុស្សជាច្រើនកំពុងសម្លឹងមើលបញ្ហានេះក្នុងភាពមិនជាក់ស្ដែងដូចលោក Trump សោះ។ យើងកំពុងនិយាយពី ១០ឆ្នាំ ទៅ ១៥ឆ្នាំ មិនមែន ៤--៥ឆ្នាំនោះទេ"។

ដំបូងឡើយ លោក Trump បានបង្ហើបសំណើថា ហ្ស៊កដានី និងអេហ្ស៊ីប គួរទទួលយកជនជាតិប៉ាឡេស្ទីនពីតំបន់ហ្កាហ្សា ភ្លាមៗបន្ទាប់ពីការឡើងកាន់តំណែងនៅថ្ងៃទី២០ ខែមករា។ ការអត្ថាធិប្បាយរបស់លោក Trump បានជំរុញបន្ថែមពីលើការភ័យខ្លាចតាំងពីយូរយារណាស់មកហើយរបស់ជនជាតិប៉ាឡេស្ទីន ដែលថាអាចនឹងត្រូវបណ្តេញចេញពីផ្ទះសម្បែងរបស់ពួកគេជាអចិន្ត្រៃយ៍៕