មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសអូស្ត្រាលី បានដាក់បម្រាមលើកម្មវិធី DeepSeek AI របស់ចិនពីឧបករណ៍រដ្ឋាភិបាលទាំងអស់ ដោយលើកឡើងពីហានិភ័យឯកជនភាព និងការរំខានដោយវីរុស បង្កឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត(AI) របស់ប្រទេសចិន។

កម្មវិធីសន្ទនា DeepSeek chatbot ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនថ្មី Startup មានមូលដ្ឋាននៅប្រទេសចិន បានធ្វើឱ្យអ្នកនៅខាងក្នុងវិស័យឧស្សាហកម្មភ្ញាក់ផ្អើល និងធ្វើឱ្យទីផ្សារហិរញ្ញវត្ថុរង្គោះរង្គើរ ចាប់តាំងពីកម្មវិធីត្រូវបានចេញផ្សាយ កាលពីខែមុន។ ប៉ុន្តែបញ្ជីប្រទេសដែលកំពុងកើនឡើង រួមមានប្រទេសកូរ៉េខាងត្បូង អ៊ីតាលី និងបារាំង បានបង្ហាញពីការព្រួយបារម្ភអំពីសុវត្ថិភាព និងការអនុវត្តន៍ទិន្នន័យរបស់កម្មវិធីនេះ។

ប្រទេសអូស្ត្រាលី បានហាមឃាត់កម្មវិធី DeepSeek ពីឧបករណ៍របស់រដ្ឋាភិបាលទាំងអស់ ជាចំណាត់ការដ៏លំបាកបំផុតមួយប្រឆាំងកម្មវិធីសន្ទនា chatbot របស់ចិន។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីចំណាត់ការស្រដៀងគ្នានេះ នៅក្នុងប្រទេសអ៊ីតាលី និងកោះតៃវ៉ាន់។
លោក Andrew Charlton បេសកជនផ្នែកសន្តិសុខអ៊ីនធឺណេតរបស់រដ្ឋាភិបាល បាននិយាយថា «នេះគឺជាចំណាត់ការដែលរដ្ឋាភិបាលបានអនុវត្តតាមការណែនាំរបស់ទីភ្នាក់ងារសន្តិសុខ។
លោក Charlton បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយជាតិ ABCថា ហានិភ័យ រួមទាំងព័ត៌មានដែលបានដាក់បញ្ចូល ដែល«អាចនឹងពុំត្រូវបានរក្សាទុកជាលក្ខណៈឯកជនឡើយ» ហើយកម្មវិធីដូចជា DeepSeek «អាចបង្ហាញឱ្យអ្នកនូវការរំខានដោយវីរុស»។