អារ៉ាប៊ីសាអ៊ូឌីត បាននិយាយនៅថ្ងៃពុធ (០៥ កុម្ភៈ) នេះថា ខ្លួននឹងមិនបង្កើតទំនាក់ទំនងជាមួយអ៊ីស្រាអែល ដោយពុំមានការបង្កើតរដ្ឋប៉ាឡេស្ទីនទេ ដែលជាសេចក្តីថ្លែងការណ៍មួយកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump លើកឡើងថា អារ៉ាប៊ីសាអ៊ូឌីត មិនបានទាមទារឱ្យមានរដ្ឋប៉ាឡេស្ទីនឡើយ។

នៅក្នុងការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយ លោក Trump បាននិយាយកាលពីថ្ងៃអង្គារ នៅក្នុងទស្សនកិច្ចលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ថា អាមេរិក នឹងគ្រប់គ្រងតំបន់ហែកហួរដោយសង្រ្គាម ហ្កាហ្សា បន្ទាប់ពីប្រជាជនប៉ាឡេស្ទីនតាំងទីលំនៅថ្មីនៅកន្លែងផ្សេង និងអភិវឌ្ឍផ្នែកសេដ្ឋកិច្ចរបស់តំបន់ហ៊ុមព័ទ្ធនេះ។

សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា ព្រះរាជទាយាទអារ៉ាប៊ីសាអ៊ូឌីត គឺព្រះអង្គ Mohammed bin Salman មានបន្ទូលថា រាជាណាចក្រនេះច្រានចោលនូវការប៉ុនប៉ងណាមួយដើម្បីជម្លៀសប្រជាជនប៉ាឡេស្ទីន ចេញពីទឹកដីរបស់ពួកគេ ដោយបន្ថែមថា ជំហររបស់ខ្លួនចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីន គឺមិនអាចចរចារបានឡើយ។

គួរបញ្ចាក់ថា អាមេរិក បានដឹកនាំកិច្ចពិភាក្សាការទូតជាច្រើនខែដើម្បីឱ្យអារ៉ាប៊ីសាអ៊ូឌីត ធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល និងទទួលស្គាល់ប្រទេសនេះ រហូតដល់សង្រ្គាមហ្កាហ្សាបានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០២៣ ដែលនាំឱ្យទីក្រុងរីយ៉ាដផ្អាកកិច្ចចរចា ដោយសារតែកំហឹងរបស់អារ៉ាប់ ជុំវិញការវាយលុករបស់អ៊ីស្រាអែល៕