ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ី បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស ដែលនិយាយនៅក្នុងសុន្ទរកថាចេញផ្សាយនៅព្រឹកថ្ងៃពុធ (០៥ កុម្ភៈ) នេះថា ចលនាហាម៉ាសប៉ាឡេស្ទីន ត្រៀមខ្លួនជាស្រេចដើម្បីបង្កើតទំនាក់ទំនង និងជួបពិភាក្សាជាមួយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។

RIA បានដកស្រង់សម្តីសមាជិកជាន់ខ្ពស់ហាម៉ាស លោក Mousa Abu Marzouk ថា "យើងត្រៀមខ្លួនជាស្រេចសម្រាប់ការទំនាក់ទំនង និងពិភាក្សាជាមួយរដ្ឋបាលលោក Trump ហើយក៏បើកទូលាយក្នុងការពិភាក្សាជាមួយភាគីអន្តរជាតិទាំងអស់"។

គេមិនច្បាស់ទេថា RIA សម្ភាសន៍លោក Marzouk នៅពេលណា ខណៈលោកកំពុងបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាជាមួយក្រសួងការបរទេសរុស្ស៊ី។

គួរបញ្ជាក់ថា លោក Trump បានប្តេជ្ញាកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងកាន់កាប់តំបន់ហ្កាហ្សា បន្ទាប់ពីជនជាតិប៉ាឡេស្ទីនត្រូវបានតាំងទីលំនៅថ្មីនៅកន្លែងផ្សេង ហើយអភិវឌ្ឍសេដ្ឋកិច្ចរបស់ដែនដីនេះ ជាវិធានការមួយដែលនឹងធ្វើឱ្យខូចដល់គោលនយោបាយជាច្រើនទសវត្សរ៍របស់អាមេរិក ចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន៕