អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ ទី៤ ខែកុម្ភៈថា ជំនួយជាង១៣លានដុល្លារក្នុងការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិកសម្រាប់កងកម្លាំងសន្តិសុខអន្តរជាតិ ដែលជួយប្រយុទ្ធប្រឆាំងក្រុមប្រដាប់អាវុធនៅក្នុងប្រទេសហៃទី ត្រូវបានបង្កក ក្រោមការផ្អាករយៈពេល៩០ថ្ងៃរបស់ប្រធានាធិបតី លោក Donald Trump លើជំនួយបរទេស។

ក្រុមជនអន្ធពាលដ៏មានឥទ្ធិពល ប្រដាប់ដោយអាវុធ ដែលភាគច្រើនត្រូវបានជួញដូរពីសហរដ្ឋអាមេរិក បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី ព័រ អូប្រាំង របស់ប្រទេសតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ ក្រោមសម្ព័ន្ធភាពរួមគ្នា ហើយបច្ចុប្បន្នគ្រប់គ្រងភាគច្រើននៅទីក្រុងនេះ និងកំពុងពង្រីកទៅកាន់តំបន់នានាដែលនៅក្បែរនោះ។

បេសកកម្មសន្តិសុខអន្តរជាតិ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពុំមែនជាប្រតិបត្តិការរបស់អង្គការសហប្រជាជាតិនោះទេ ហើយបច្ចុប្បន្នពឹងផ្អែកលើការរួមចំណែកដោយស្ម័គ្រចិត្ត។ រហូតមកដល់ពេលនេះ បេសកកម្មមានភាពរីកចម្រើនតិចតួចក្នុងការជួយប្រទេសហៃទី ស្តារសណ្តាប់ធ្នាប់ឡើងវិញ។
មាននគរបាល និងទាហានជិត ៩០០នាក់ មកពីប្រទេសកេនយ៉ា អែលសាល់វ៉ាឌ័រ ហ្សាម៉ាអ៊ីក កាតេម៉ាឡា និងបេលីហ្ស។ មូលនិធិច្រើនជាង១១០លានដុល្លារ ត្រូវបានបង់ចូលទៅក្នុងមូលនិធិ trust fund របស់អង្គការសហប្រជាជាតិសម្រាប់បេសកកម្មនេះ ដែលច្រើនជាងពាក់កណ្តាលនៃមូលនិធិ បានមកពីប្រទេសកាណាដា នេះបើយោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ។
ប៉ុន្មានម៉ោង ក្រោយការចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា លោក Trump បានបញ្ជាឱ្យផ្អាករយៈពេល៩០ថ្ងៃ នៃការរួមចំណែកជំនួយបរទេស ដែលអាចត្រូវបានពិនិត្យឡើងវិញដើម្បីមើលថាតើវាស្របតាមគោលនយោបាយការបរទេស «America First» របស់លោក ដែរឬយ៉ាងណា។