គ្រូបង្រៀន និងកសិករជនជាតិស៊ែរប៊ី បានចូលរួមជាមួយនិស្សិត នៅក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅកណ្តាលទីក្រុង ក្រាហ្គូចេវាក(Kragujevac) កាលពីថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ខណៈរលកថ្មីនៃការតវ៉ាប្រឆាំងអំពើពុករលួយ រាលដាលនៅទូទាំងប្រទេស។

មនុស្សរាប់ពាន់នាក់ បានចេញធ្វើបាតុកម្មនៅតាមដងផ្លូវនៃទីក្រុងធំបំផុតទីបួននៅក្នុងប្រទេស ដោយកាន់បដា និងផ្លុំកញ្ចែ ក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលចុងក្រោយ ជុំវិញមហន្តរាយបាក់ដំបូលនៅស្ថានីយ៍រថភ្លើង ដែលបានបណ្តាលឲ្យមនុស្ស១៥នាក់ស្លាប់ កាលពីខែវិច្ឆិកា ឆ្នាំមុន។

ការតវ៉ាជុំវិញការស្លាប់ ដែលបណ្តាលមកពីការបាក់រលំដំបូលនៅស្ថានីយ៍រថភ្លើងមួយកន្លែងក្នុងទីក្រុង Novi Sad បានរាលដាលយ៉ាងឆាប់រហ័ស និងរាលដាលនៅទូទាំងប្រទេសតំបន់បាល់កង់មួយនេះ ដែលបានបង្កឱ្យមានវិបត្តិនយោបាយ។
រហូតមកដល់ពេលនេះ រដ្ឋអាជ្ញាបានចោទប្រកាន់មនុស្ស១៣នាក់ ជុំវិញមហន្តរាយនេះ ប៉ុន្តែក្រុមអ្នកតវ៉ា គណបក្សប្រឆាំង និងប្រជាជនស៊ែរប៊ី ភាគច្រើនបានបន្ទោសសោកនាដកម្មនេះលើអំពើពុករលួយនៅក្នុងជួររដ្ឋាភិបាលរបស់លោកប្រធានាធិបតី Aleksandar Vucic និងការគ្រប់គ្រង មិនបានត្រឹមត្រូវ។