ប្រជាជននៅតំបន់ Catatumbo ប្រទេសកូឡុំប៊ី ដែលកំពុងជួបបញ្ហានៅជិតព្រំដែនភាគខាងកើតជាមួយប្រទេសវេណេស៊ុយអេឡា កំពុងថ្លឹងថ្លែងថាតើត្រូវត្រឡប់ទៅលំនៅឋានវិញដែរឬទេ ក្រោយការវាយប្រហារដោយក្រុមឧទ្ទាម ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៥០.០០០នាក់ភៀសខ្លួន ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងទៅនេះ។

រដ្ឋាភិបាល បានចោទប្រកាន់ក្រុមឧទ្ទាមមកពីកងទ័ពរំដោះជាតិឆ្វេងនិយម (ELN) ថា បានដាក់គោលដៅលើអតីតសមាជិកនៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី (FARC) និងមេដឹកនាំសហគមន៍ស៊ីវិល នៅក្នុងការវាយប្រហារជាបន្តបន្ទាប់ នៅតំបន់ Catatumbo ជាមជ្ឈមណ្ឌលសម្រាប់ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្ម ផ្សេងៗទៀត។
ការកើនឡើងនៃអំពើហិង្សា បានជំរុញឱ្យប្រធានាធិបតី លោក Gustavo Petro ផ្អាកការចរចាសន្តិភាពជាមួយក្រុមឧទ្ទាមមកពីកងទ័ពរំដោះជាតិឆ្វេងនិយម (ELN) ដោយកាត់ផ្នែកសំខាន់នៃផែនការរបស់លោកក្នុងការបញ្ចប់ជម្លោះផ្ទៃក្នុងរយៈពេល៦ទសវត្សរ៍។ ប៉ុន្តែ ក្រុមឧទ្ទាមមកពីកងទ័ពរំដោះជាតិឆ្វេងនិយម (ELN) បានបដិសេធ ការវាយប្រហារលើជនស៊ីវិល។

ក្រសួងការពារជាតិ បាននិយាយថា មនុស្សប្រហែល ៥៣.០០០នាក់ បានភៀសខ្លួនចេញ ដោយមនុស្សជាង៦.០០០នាក់ រស់នៅក្នុងទីជម្រក។
យោងតាមក្រសួង បានឱ្យដឹងថា មនុស្ស៥២នាក់ បានស្លាប់ ទោះបីជាអាជ្ញាធរតំបន់បាននិយាយថាចំនួនអ្នកស្លាប់សរុបមានដល់៨០នាក់ ក៏ដោយ ហើយនៅពេលនេះកងកម្លាំងសន្តិសុខ បានបង្កើនប្រតិបត្តិការ។