អ្នកជំនាញផ្នែកធនធានទឹក និងវិស័យជលផលពីមកប្រទេសអូស្ត្រាលី និងបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសផ្សេងៗមួយចំនួនទៀត នៅព្រឹកថ្ងៃទី០៥ខែកុម្ភៈ បានចូលរួមក្នុងពិធីបើកសន្និសីទលើកទី២ស្តីពី «ជណ្តើរត្រីនៅតាមទន្លេមេគ្គងក្រោម» ស្ថិតនៅក្នុងខេត្តសៀមរាប។
ពិធីបើកសន្និសីទនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ព្រមទាំងមានការចូលរួមពីឯកឧត្តម ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា លោកស្រីសាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ និងគណៈប្រតិភូមកពីបណ្តាប្រទេសមួយចំនួនទៀតជាដើម។
នៅអង្គសន្និសីទ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា សន្និសីទដែលរៀបចំឡើងនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបន្តជំរុញការងារសាងសង់ជណ្តើរត្រី បង្ហាញការសិក្សាស្រាវជ្រាវអំពីការផ្លាស់ប្តូររបស់ត្រីឆ្លងទៅកាត់ជណ្តើរត្រី និងការវិវដ្តន៍រចនាប្លង់សាងសង់ជណ្ដើរត្រី ប្រទេសក្នុងតំបន់ទន្លេមេង្គ ព្រមទាំងការងារពាក់ព័ន្ធជាសកលផងដែរ ក្នុងន័យលើកកម្ពស់ដល់ការថែរក្សាត្រី និងទឹកសំដៅរក្សាបាននូវសន្តិសុខស្បៀងក្នុងបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ឱ្យកាន់តែមានប្រសិទ្ធិភាព និងនិរន្តរភាព។ លើសពីនេះ ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃការធ្វើជណ្តើរត្រីនៅក្នុងប្រទេសកម្ពុជា ដែលស្ថិតនៅខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង និងមួយទៀតនៅខេត្តកំពង់ស្ពឺកំពុងសាងសង់។
លោកស្រីសាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិនៃ ACIAR មានប្រសាសន៍ថា តាមរយៈការរួមបញ្ចូលជណ្តើរត្រីទៅក្នុងផែនការថ្នាក់តំបន់ យើងអាចការពារការខូចខាតប្រព័ន្ធអេកូឡូស៊ីនៅទូទាំងអាងទន្លេមេគង្គក្រោម ជួយការពារវិស័យជលផលដែលមានសារ:សំខាន់ដ៏ចាំបាច់សម្រាប់សន្តិសុខស្បៀង និងប្រាក់ចំណូលរបស់ប្រជាជន ព្រមទាំងជួយពង្រឹងភាពធន់របស់សហគមន៍ និងនិរន្តរភាពរបស់បរិស្ថាន។
គួរបញ្ជាក់ដែរថា សន្និសីទលើកទី២ស្តីពី «ជណ្តើរត្រីនៅតាមទន្លេមេគ្គងក្រោម» រៀបចំឡើងចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការគាំទ្រពីកម្មវិធីភាពជាដៃគូមេគង្គ-អូស្ត្រាលីដែលអនុវត្តដោយមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងក្រសួងការបរទេស និងពាណិជ្ជកម្មប្រទេសអូស្ត្រាលី (DFAT)។ ព្រឹត្តិការណ៍ដ៏សំខាន់នេះនឹងជជែកពិភាក្សា ដោះស្រាយបញ្ហាប្រឈមបន្ទាន់ៗជាច្រើន ដែលទន្លេមេគង្គកំពុងជួបប្រទះ។ប្រធានបទដែលទាក់ទងនិងការអភិវឌ្ឈវិស័យជលផលប្រកបដោយចីរភាពរួម និងការអភិរក្សបរិស្ថានក៏នឹងត្រូវលើកយកមកពិភាក្សាក្នុងសន្និសីទផងដែរ៕ អត្ថបទ៖ទូច សោភ័ណ




