កេនយ៉ា៖ សកម្មជនបរិស្ថាន និងមន្ត្រីកម្មវិធីស្បៀងអាហារពិភពលោកនៅប្រទេសកេនយ៉ាភាគខាងជើងបាននិយាយថា គ្រោះរាំងស្ងួតខ្លាំងដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុបានប្រែក្លាយអ្វីដែលធ្លាប់ជា "ទឹកដីដ៏បរិបូរណ៍" ទៅជាកន្លែងដែលមនុស្សកំពុងតស៊ូដើម្បីស្វែងរកអាហារ។

ទន្លេក្នុងតំបន់ Nakaria ជិតទីក្រុង Kalokol គឺជាទន្លេដែលមានទឹកច្រើនក្នុងរដូវវស្សា មានន័យថាមានទឹកហូរតែនៅពេលមានភ្លៀង និងហួតហែងនៅពេលគ្មានភ្លៀង។ ក្រុមអ្នកស្រុកបានព្យាយាមជីកអណ្ដូងជ្រៅៗ ដើម្បីរកប្រភពទឹកនៅក្នុងដីដែលរងការហួតហែងខ្លាំង។ តំបន់ជិតបឹង Turkana ដែលជាបឹងទឹកប្រៃដ៏ធំបំផុតរបស់ពិភពលោកពឹងផ្អែកលើទន្លេនេះ។ ប៉ុន្តែការកើនឡើងនៃភាពរាំងស្ងួតកាន់តែខ្លាំង មានន័យថាអណ្ដូងនានាមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ សម្រាប់ចំនួនប្រជាជនដែលចេះតែកើនឡើងជិត ១០០,០០០នាក់បានទេ។ ថ្លែងនៅក្នុងទីក្រុង Kalokol សកម្មជនបរិស្ថានក្នុងស្រុកលោក Billy Kepu បានប្រាប់សារព័ត៌មាន Sky News របស់អង់គ្លេសថា កង្វះទឹកបណ្ដាលឲ្យមានវិបត្តិចំណីអាហារ។
មន្ត្រីកម្មវិធីគោលនយោបាយស្បៀងអាហារពិភពលោកគឺលោក Gabriel Ekaale បាននិយាយថា យើងជឿថា បម្រែបម្រួលអាកាសធាតុគឺជាកត្តាបង្កឲ្យមានបញ្ហាជាច្រើនដែលយើងធ្លាប់បានជួបប្រទះនេះទីនេះ ដោយលោកបានបន្ថែមថា យើងកំពុងមើលឃើញភាពរាំងស្ងួតកាន់តែធ្ងន់ធ្ងរឡើងៗ ហើយប្រជាពលរដ្ឋពុំទទួលបានការផ្គត់ផ្គង់ទឹកដោះគោ និងសាច់គ្រប់គ្រាន់ទេ។ មានមនុស្សប្រមាណ ៦០០,០០០នាក់នៅក្នុងប្រទេសនេះត្រូវការស្បៀងអាហារជាចាំបាច់ ឬប្រាក់ ខណៈមនុស្សប្រហែល ៦០% ពុំមានអាហារទទួលទានគ្រប់គ្រាន់៕
អត្ថបទ៖ សុខមាន