ប្រជាជនប៉ាឡេស្ទីននៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប កំពុងប្រឈមមុខនឹងបញ្ហាកង្វះខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការដកទ័ពរបស់អ៊ីស្រាអែល ដោយសារតែជីវិតប្រចាំថ្ងៃនៅក្នុងតំបន់ហ្កាហ្សា នៅតែជួបការលំបាកឥតឈប់ឈរសម្រាប់តម្រូវការជាមូលដ្ឋាន ដោយលទ្ធភាពទទួលបានទឹកសុវត្ថិភាពគឺជាវិបត្តិមួយក្នុងចំណោមបញ្ហាសំខាន់បំផុត។

ចាប់តាំងពីថ្ងៃទី២៧ ខែមករាមក ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ដែលបានភៀសខ្លួន បានចាប់ផ្តើមត្រឡប់ទៅតំបន់ហ្កាហ្សាស្ទ្រីបវិញ ក្រោមកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ ប៉ុន្តែក្រុមគ្រួសារដែលត្រឡប់មកទាំងនេះ ឥឡូវនេះប្រឈមមុខនឹងការលំបាកថ្មីសម្រាប់ការរស់រានមានជីវិត ស្របពេលមានស្ថានភាពដ៏វេទនាបំផុត។

រៀងរាល់ព្រឹក អ្នកស្រុកហ្កាហ្សារាប់ពាន់នាក់ត្រូវស្វែងរកទឹកផឹក ដោយសមាជិកគ្រួសារជាច្រើនត្រូវធ្វើដំណើរផ្លូវឆ្ងាយដើម្បីទទួលបានទឹកមកប្រើប្រាស់។ អ្នកស្រុកហ្កាហ្សាដែលបានត្រលប់ទៅតំបន់ Beit Lahia នៅភាគខាងជើងហ្កាហ្សា ក៏ប្រឈមនឹងបញ្ហាដូចគ្នានេះដែរ។

បុគ្គលិកជំនួយមនុស្សធម៌នៅភាគខាងជើងតំបន់ហ៊ុមព័ទ្ធនេះ ប្រឈមមុខនឹងបញ្ហាដ៏ធំសម្បើមនៅពេលពួកគេព្យាយាមផ្តល់ជំនួយដល់ប្រជាជន។ ហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតដោយសារសង្គ្រាម បានធ្វើឱ្យមានការលំបាកក្នុងការធានាបាននូវតម្រូវការប្រចាំថ្ងៃ រួមទាំងទឹក ដែលជាតម្រូវការមូលដ្ឋានជាចាំបាច់សម្រាប់អ្នកស្រុករាប់សែននាក់៕