រដ្ឋាភិបាលរបស់ប្រទេសកុងហ្គោ កាលពីថ្ងៃអង្គារ (០៤ កុម្ភៈ) បានពណ៌នាបទឈប់បាញ់ជាឯកតោភាគីដែលប្រកាសដោយក្រុមឧទ្ទាមគាំទ្រដោយប្រទេសរ្វ៉ាន់ដា នៅភាគខាងកើតកុងហ្គោថា ជា "ការប្រាស្រ័យទាក់ទងមិនពិត" ខណៈអង្គការសហប្រជាជាតិ បានបង្ហាញរបាយការណ៍នៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាកំពុងបន្តជាមួយកងកម្លាំងកុងហ្គោនៅក្នុងតំបន់។

គួររម្លឹកថា ក្រុមឧទ្ទាម M23 កាលពីថ្ងៃចន្ទ បានប្រកាសបទឈប់បាញ់លើហេតុផលមនុស្សធម៌ បន្ទាប់ពីមានការទទូចចំពោះសុវត្ថិភាពនៃជំនួយ និងជនភៀសខ្លួនរាប់សែននាក់។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលកុងហ្គោប្រាប់អ្នកសារព័ត៌មានថា "អ្វីដែលយើងកំពុងរង់ចាំគឺការដកកងកម្លាំងរបស់ M23"។

កងកម្លាំង M23 ត្រូវបានគេរាយការណ៍ថាកំពុងទទួលបានទឹកដីនៅក្នុងតំបន់ផ្សេងទៀតនៃភាគខាងកើតកុងហ្គោ និងឆ្ពោះទៅកាន់រដ្ឋធានីរបស់ខេត្តមួយផ្សេងទៀតគឺ Bukavu នៅខេត្ត South Kivu។
នៅថ្ងៃអង្គារដដែលនោះ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានប្រាប់អ្នកសារព័ត៌មានថា ពួកគេមានរបាយការណ៍អំពីការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរនៅខេត្ត South Kivu ប៉ុន្តែ "មិនទាន់មានរបាយការណ៍ណាមួយអំពីក្រុម M23 សម្រុកទៅជិត Bukavu នៅឡើយទេ"។
ក្រុម M23 កាលពីសប្តាហ៍មុន បានដណ្តើមកាន់កាប់ទីក្រុង Goma ដែលមានប្រជាជន ២លាននាក់ នៅចំកណ្តាលនៃតំបន់ដែលមានទ្រព្យសម្បត្តិរ៉ែរាប់ពាន់លានដុល្លារ ហើយក្រុងនេះនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ពួកឧទ្ទាម៕