អភិបាលក្រុងសេអ៊ូល លោក Oh Se-hoon កាលពីថ្ងៃអង្គារ (០៤ កុម្ភៈ) បានចាត់វិធានការជាថ្មីម្តងទៀតដើម្បីធានាដល់ភ្ញៀវទេសចរបរទេសថា រដ្ឋធានីកូរ៉េខាងត្បូងមួយនេះនៅតែមានសុវត្ថិភាព ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់សាលាក្រុងចំពោះសុវត្ថិភាព និងការបើកចំហ ស្របពេលមានចលាចលនយោបាយដែលកំពុងបន្ត បន្ទាប់ពីការប្រកាសច្បាប់អាជ្ញាសឹកឆ្នាំ២០២៤ របស់ប្រធានាធិបតី។

លោកបានលើកឡើងថា “សង្គមកូរ៉េគឺមានភាពធន់ណាស់។ ភាពចលាចលផ្នែកនយោបាយកំពុងត្រូវបានដោះស្រាយដោយរបៀបរៀបរយ ហើយនីតិវិធីតុលាការកំពុងត្រូវបានអនុវត្តដោយវិន័យយ៉ាងខ្លាំងក្លាដែរ ដូច្នេះភ្ញៀវបរទេសពុំមានអ្វីត្រូវបារម្ភឡើយ"។

យោងតាមរដ្ឋាភិបាលទីក្រុងបានឱ្យដឹងថា ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាទីក្រុងសេអ៊ូល បានកើនឡើងជាលំដាប់ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩មក។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ ភ្ញៀវបរទេសចំនួន ១២,១២លាននាក់ បានធ្វើដំណើរទៅកាន់ទីក្រុងសេអ៊ូល ដោយបានងើបឡើងវិញដល់ ៩៥% នៃចំនួនអ្នកទស្សនាខ្ពស់បំផុតចំនួន ១២,៧៤លាននាក់ក្នុងឆ្នាំ២០១៩។
កាលពីសប្តាហ៍មុន វេទិកាធ្វើដំណើរដ៏ធំបំផុតរបស់ពិភពលោក Tripadvisor បានចុះបញ្ជីទីក្រុងសេអ៊ូល ថាជាទីក្រុងដ៏ល្អបំផុតសម្រាប់អ្នកធ្វើដំណើរតែម្នាក់ឯង៕