មនុស្សរាប់រយនាក់បានចាកចេញពីកោះ Santorini តាមនាវាចម្លង និងយន្តហោះ កាលពីថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ខណៈការរញ្ជួយដីជាបន្តបន្ទាប់ បន្តអង្រួនកោះទេសចរណ៍ដ៏ពេញនិយមរបស់ប្រទេសក្រិក មួយនេះ។

ការរញ្ជួយដី ត្រូវបានចុះបញ្ជីរៀងរាល់ពីរបីនាទីម្តងនៅសមុទ្រនៅចន្លោះកោះភ្នំភ្លើង Santorini និង កោះ Amorgos ក្នុងសមុទ្រអេហ្ស៊េ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលជំរុញឱ្យអាជ្ញាធរបិទសាលារៀននៅលើកោះ Santorini និងកោះតូចៗនៅក្បែរនោះ រហូតដល់ថ្ងៃសុក្រ ទី៧ ខែកុម្ភៈ។

មនុស្សរាប់រយនាក់ រួមទាំងប្រជាជនអចិន្ត្រៃយ៍ និងកម្មករ បានសម្រុកចូលទៅកាន់កន្លែងរង់ចាំ នៅកំពង់ផែ ដើម្បីឡើងជិះនាវាចម្លងដឹកអ្នកដំណើរ រួមជាមួយនឹងកូនៗ និងសត្វចិញ្ចឹមរបស់ពួកគេ។
ក្រុមហ៊ុនអាកាសចរណ៍ក្រិក អេជៀន អ៊ែរឡាញ(Aegean Airlines) បាននិយាយកាលពីថ្ងៃអង្គារថា ជើងហោះហើរពីកោះ Santorini ទៅទីក្រុង Athens មានមនុស្សពេញ។
ក្រុមហ៊ុននិយាយបន្ថែមថា មនុស្សសរុបពី២.៥០០នាក់ ទៅ២.៧០០នាក់ ត្រូវបានគេរំពឹងថាជិះយន្តហោះដើម្បីចាកចេញ ចាប់តាំងពីថ្ងៃចន្ទ ទី៣ ខែកុម្ភៈ។ កោះ Santorini ប្រមូលផ្តុំដោយអ្នកទេសចររាប់សែននាក់ នៅក្នុងរដូវក្តៅ។ វាមានសភាពស្ងប់ស្ងាត់ជាងនេះកាលពីដើមឆ្នាំ ប៉ុន្តែអ្នកជំនាញរញ្ជួយដី ប៉ាន់ស្មានថា សកម្មភាពរញ្ជួយដីខ្លាំងអាចចំណាយពេលច្រើនថ្ងៃ ឬច្រើនសប្តាហ៍ មុនពេលចុះខ្សោយទៅវិញ ខណៈអាជ្ញាធរក្នុងតំបន់បានពង្រាងផែនការសង្គ្រោះបន្ទាន់។