ប្រមុខអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានប្រកាសអាសន្ន អំពីការបន្តមានហានិភ័យនៃគ្រោះថ្នាក់នុយក្លេអ៊ែរ ដោយសារតែការវាយប្រហាររបស់រុស្ស៊ីលើបណ្តាញថាមពលរបស់អ៊ុយក្រែន។
លោក Rafael Grossi ប្រមុខទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានទៅដល់រដ្ឋធានីគីវរបស់អ៊ុយក្រែន កាលពីថ្ងៃអង្គារ (ទី៤ ខែកុម្ភៈ) ហើយបានព្រមានពីការមានផលវិបាកធ្ងន់ធ្ងរ មិនត្រឹមតែមកពីការប៉ះទង្គិចដោយផ្ទាល់លើរោងចក្រថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមកពីការវាយប្រហារលើស្ថានីយរង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលអាចបង្កការរំខានដល់ប្រព័ន្ធថាមពលទាំងមូល។

បន្ទាប់ពីបានទៅត្រួតពិនិត្យស្ថានីយចែកចាយអគ្គិសនីរង លោក Grossi បានសរសេរនៅលើបណ្ដាញ X ថា៖ «ខ្ញុំកំពុងស្ថិតនៅឯស្ថានីយ៍អគ្គិសនីរង Kyivska ជាផ្នែកដ៏សំខាន់នៃបណ្តាញអគ្គិសនីរបស់ប្រទេសអ៊ុយក្រែនដែលចាំបាច់សម្រាប់សុវត្ថិភាពនុយក្លេអ៊ែរ។ ឧបទ្ទវហេតុនុយក្លេអ៊ែរ អាចបណ្តាលមកពីការវាយប្រហារដោយផ្ទាល់ទៅលើរោងចក្រមួយ ប៉ុន្តែក៏អាចមកពីការរំខានការផ្គត់ផ្គង់ថាមពលផងដែរ»។
គួរបញ្ជាក់ថា ទីក្រុងមូស្គូបានទម្លាក់គ្រាប់បែកឥតឈប់ឈរលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ក្នុងនោះរួមទាំងស្ថានីយរងនានា ពេញមួយការលុកលុយរយៈពេល ៣ឆ្នាំរបស់ខ្លួន បើទោះបីជាខ្លួនបានជៀសវាងការវាយប្រហារដោយផ្ទាល់ទៅលើរោងចក្រនុយក្លេអ៊ែររបស់អ៊ុយក្រែនក៏ដោយ៕

