រដ្ឋអាជ្ញាអាមេរិក កាលពីថ្ងៃអង្គារ (ទី៤ ខែកុម្ភៈ) បានបង្ហាញពីការពង្រីកបន្ថែមនូវបទចោទផ្លូវការចំនួន ១៤ករណី ដែលចោទប្រកាន់អតីតវិស្វករសូហ្វវែររបស់ក្រុមហ៊ុនបច្ចេកវិទ្យា Google គឺលោក Ding Linwei ពីបទលួចព័ត៌មានសម្ងាត់ពាណិជ្ជកម្មបញ្ញាសិប្បនិម្មិត (AI) ដើម្បីផ្តល់ទៅឲ្យក្រុមហ៊ុនចិនចំនួន ២ ដែលរូបគេកំពុងធ្វើការជាមួយដោយលួចលាក់។
លោក Ding អាយុ ៣៨ឆ្នាំ ជាជនជាតិចិន ត្រូវបានចោទប្រកាន់ដោយគណៈវិនិច្ឆយបថមរបស់សហព័ន្ធនៅទីក្រុង San Francisco ដោយ ៧ករណី ពាក់ព័ន្ធនឹងចារកម្មសេដ្ឋកិច្ច និងការលួចព័ត៌មានសម្ងាត់ពាណិជ្ជកម្ម។
ការចោទប្រកាន់ពីបទចារកម្មសេដ្ឋកិច្ចមួយករណីៗ មានទោសជាប់ពន្ធនាគារអតិបរមា ១៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥លានដុល្លារអាមេរិក ខណៈដែលការចោទប្រកាន់ពីបទលួចព័ត៌មានសម្ងាត់ពាណិជ្ជកម្មមួយករណីៗ ត្រូវជាប់ពន្ធនាគារអតិបរមា ១០ឆ្នាំ និងពិន័យជាប្រាក់ ២៥០.០០០ដុល្លារអាមេរិក។
ចុងចោទដែលត្រូវបានគេស្គាល់ឈ្មោះផងដែរថា Leon Ding ត្រូវបានចោទប្រកាន់ ក្នុងខែមីនា ឆ្នាំ២០២៤ ពីបទលួចព័ត៌មានសម្ងាត់ពាណិជ្ជកម្មចំនួន ៤ករណី។ រូបគេមិនត្រូវបានឃុំខ្លួន ដោយសារបង់ប្រាក់ធានា។ មេធាវីរបស់លោក Ding មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។
ករណីរបស់លោក Ding នេះ ត្រូវបានសម្របសម្រួលតាមរយៈកងកម្លាំងវាយប្រហារការរំខានបច្ចេកវិទ្យាអន្តរភ្នាក់ងារ ជាស្ថាប័នដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ ដោយរដ្ឋបាលរបស់លោក Joe Biden៕