កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ពុំបានបង្ហាញមុខនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋទេរយៈពេល ៣០ថ្ងៃគិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ ជាការអវត្តមានដ៏យូរបំផុតពីសកម្មភាពសាធារណៈផ្សេងៗចាប់តាំងពីឆ្នាំ២០១៤ និងការវិលត្រឡប់មកវិញ ស្របពេលមានរបាយការណ៍ជាច្រើនចេញផ្សាយពីបញ្ហាសុខភាពរបស់លោកនៅឆ្នាំនេះ។

លោក Kim បានបង្ហាញខ្លួនចុងក្រោយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃទី១២ ខែតុលា នៅក្នុងការផ្សាយពីការតាំងពិព័រណ៍មីស៊ីលនៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃកន្លងទៅ។ ចាប់តាំងពីពេលនោះមក រូបភាពផ្កាយរណបបានបង្ហាញពីសកម្មភាពកើនឡើងនៅផ្ទះឆ្នេរខាងកើតរបស់លោក និងវិមាននៅមាត់បឹងមួយនៅជិតរដ្ឋធានី ដោយបង្ហាញថា លោកប្រហែលជាបានចំណាយពេលនៅកន្លែងទាំងនេះ ក្នុងអំឡុងពេលអវត្តមានរបស់លោកនាពេលថ្មីៗនេះ។ សុខភាពរបស់មេដឹកនាំកូរ៉េខាងជើង បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុមអ្នកវិភាគ និងក្រុមទីភ្នាក់ងារចារកម្មនៅឆ្នាំនេះ ខណៈលោកបានបាត់មុខ ៨លើកយ៉ាងហោចណាស់ ២សប្ដាហ៍រួចទៅហើយចាប់តាំងពីខែមករា។
ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារចារកម្មជាតិរបស់កូរ៉េខាងត្បូង (NIS) កាលពីខែមុនតាមសេចក្តីរាយការណ៍បាននិយាយថា ពួកគេជឿថា លោក Kim នៅតែមានសុខភាពល្អ។ របាយការណ៍ថា លោកមានជំងឺបេះដូងបានលេចឡើងក្នុងខែមេសា ឆ្នាំ២០២០ ហើយបានលេចមុខជាថ្មីបន្ទាប់ពីអវត្តមានជិត ៣សប្តាហ៍ដោយប្រើរទេះដើរដោយថាមពលថ្មសាកដើម្បីធ្វើដំណើរជុំវិញរោងចក្រ ដែលជាការមើលឃើញខុសពីធម្មតាសម្រាប់លោក Kim ហើយជាមួយនឹងសញ្ញានៅលើដៃរបស់លោកដែលអ្នកជំនាញមួយចំនួនបាននិយាយថា អាចទាក់ទងនឹងនីតិវិធីវេជ្ជសាស្ត្រ៕
អត្ថបទ៖ សុខមាន