ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃអង្គារថា បុរសជនជាតិវៀតណាមម្នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤៤ឆ្នាំ ពីបទប៉ុនប៉ងធ្វើការវាយប្រហារអត្តឃាត នៅអាកាសយានដ្ឋានអន្តរជាតិ Heathrow ក្នុងទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស។
លោក Minh Quang Pham អាយុ ៤២ ឆ្នាំ ដែលត្រូវបានចោទប្រកាន់ថា បានធ្វើដំណើរទៅប្រទេសយេម៉ែន ដើម្បីទទួលការហ្វឹកហ្វឺនយោធាពីក្រុមអាល់កៃដា នៅឧបទ្វីបអារ៉ាប់ ធ្លាប់បានសារភាពចំពោះការចោទប្រកាន់មានទោស ដែលរួមបញ្ចូលការផ្តល់ជំនួយសម្ភារៈដល់ក្រុមនេះ។
មេធាវីសហរដ្ឋអាមេរិកសម្រាប់សង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក អ្នកស្រី Danielle R. Sassoon បានពណ៌នាអំពីសកម្មភាពរបស់លោកថាមិនត្រឹមតែជាការគំរាមកំហែងដល់សុវត្ថិភាពរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ «ប៉ុន្តែថែមទាំងចំពោះគោលការណ៍សន្តិភាព និងសន្តិសុខ ដែលយើងកំពុងអនុវត្ត»។
អ្នកស្រី Sassoon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការកាត់ទោសថ្ងៃនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមរបស់យើង ក្នុងការបញ្ឈប់អំពើភេរវកម្ម មុនពេលវាកើតឡើង ហើយចាប់ក្រុមភេរវករដាក់ ពន្ធនាគារ»។
ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា លោក Pham បានធ្វើដំណើរពីចក្រភពអង់គ្លេស ទៅកាន់ប្រទេសយេម៉ែនក្នុងខែធ្នូ ឆ្នាំ ២០១០ ហើយបានស្បថទទួលយកកាតព្វកិច្ចប្រកបដោយភក្ដីភាពចំពោះក្រុមសកម្មប្រយុទ្ធដែលសហរដ្ឋអាមេរិក បានចុះបញ្ជីជាអង្គការភេរវកម្ម។