បេសកជនប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា មេដឹកនាំពិភពលោក និងប្រជាជន គួរតែគោរពនូវបំណងប្រាថ្នារបស់ប៉ាឡេស្ទីន ក្នុងការបន្តរស់នៅ ក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកជឿថា ប្រជាជនមកពីដែនដីនេះ គួរតែត្រូវបានគេតាំងទីលំនៅថ្មី នៅកន្លែងផ្សេងទៀត «ជាអចិន្ត្រៃយ៍»។
លោក Riyad Mansour បាននិយាយថា៖«មាតុភូមិរបស់យើង គឺជាស្រុកកំណើតរបស់យើង ប្រសិនបើផ្នែកមួយ ត្រូវបានបំផ្លាញ គឺតំបន់ហ្កាហ្សាស្ទ្រីប ប្រជាជនប៉ាឡេស្ទីន បានជ្រើសរើសជម្រើស ដើម្បីត្រឡប់ទៅទឹកដីនេះវិញ «ហើយខ្ញុំគិតថា មេដឹកនាំទាំងអស់ និងប្រជាជន គួរតែគោរពតាមបំណងប្រាថ្នារបស់ប្រជាជនប៉ាឡេស្ទីន»។
កាលពីថ្ងៃអង្គារ លោក ត្រាំ បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៅសេតវិមាន ដោយមេដឹកនាំអាមេរិករូបនេះ បាននិយាយថា លោកជឿជាក់ថា ប្រជាជនប៉ាឡេស្ទីន គួរតែចាកចេញពីតំបន់ហ្កាហ្សា បន្ទាប់ពីការវាយលុករបស់អ៊ីស្រាអែល ដែលបានបំផ្លិចបំផ្លាញទឹកដីនេះ និងភាគច្រើនរបស់ខ្លួន ត្រូវរងការខូចខាតទាំងស្រុង។
ថ្លែងនៅមុនជំនួបនេះ លោក ត្រាំ បាននិយាយថា លោកចង់បានដំណោះស្រាយមួយ ដែលមើលឃើញថា «តំបន់ដ៏ស្រស់ស្អាត មានប្រជាជនតាំងទីលំនៅ ជាអចិន្ត្រៃយ៍ នៅក្នុងផ្ទះស្អាតៗ ដែលពួកគេអាចមាន សុភមង្គល»។
នៅអង្គការសហប្រជាជាតិ លោក Mansour មិនបានលើកឡើងឈ្មោះ លោក ត្រាំ ទេ ប៉ុន្តែហាក់ដូចជាបដិសេធសំណើរបស់ប្រធានាធិបតីអាមេរិកនេះ។