មន្ត្រីក្នុងតំបន់ បាននិយាយនៅថ្ងៃពុធនេះថា ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនពេញមួយយប់ បានបង្កឲ្យមានអគ្គីភ័យឆេះឃ្លាំងស្តុកប្រេង ក្នុងតំបន់ Krasnodar ភាគខាងត្បូងនៃប្រទេសរុស្ស៊ីដែលត្រូវបានពន្លត់ហើយ។
ការវាយប្រហារជាបន្តបន្ទាប់ដោយយានដ្រូនរបស់អ៊ុយក្រែន លើរោងចក្រថាមពលរបស់រុស្ស៊ី បានបង្កឲ្យ មានអគ្គីភ័យឆេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅឯរោងចក្រចម្រាញ់ប្រេងដ៏សំខាន់មួយ នៅក្នុងតំបន់ Volgograd និងឆេះរោងចក្រកែច្នៃឧស្ម័ន Astrakhan។
អាជ្ញាធរប្រតិបត្តិការក្នុងតំបន់ បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា៖«ភ្លើងឆេះនៅក្នុងធុងមួយដែលមានសំណល់ផលិតផលប្រេង នៅក្នុងភូមិ Novominskaya ក្នុងស្រុក Kanevsky ត្រូវបានពន្លត់ទាំងស្រុង»។
នៅពេលមុននេះ លោក Veniamin Kondratyev អភិបាលនៃតំបន់ Krasnodar បាននិយាយថា មិនមានអ្នករងរបួស នៅក្នុងអគ្គីភ័យ ដែលបណ្តាលមកពីបំណែកយានដ្រូននោះទេ។ លោកបានបន្តថា ក្រុមមនុស្សចំនួន ១៩នាក់ ដែលកាន់សម្ភារនៅក្នុងដៃគ្រប់គ្នា កំពុងប្រយុទ្ធនឹងអណ្តាតភ្លើងដែលកំពុងឆេះនោះ។
លោក Kondratyev មិនបាននិយាយថា ឃ្លាំងមួយណាមួយ ត្រូវអគ្គិភ័យឆេះ ឬលម្អិតពីទំហំនៃការខូចខាតនោះទេ។