គណៈកម្មាធិការអន្តរជាតិ បាននិយាយថា ក្រុមឧទ្ទាមហ៊ួទីនៅប្រទេសយេម៉ែន បានដោះលែងជាឯកតោភាគីនូវអ្នកជាប់ឃុំក្នុងសង្រ្គាម ១៥៣នាក់ កាលពីថ្ងៃសៅរ៍ ជាកិច្ចប្រឹងប្រែងមួយ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីបទឈប់បាញ់ក្នុងសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។
ការដោះលែងអ្នកទោសពីមុន ត្រូវបានគេមើលឃើញថា ជាមធ្យោបាយមួយ ដើម្បីចាប់ផ្តើមកិច្ចចរចាអំពីការបញ្ចប់ជាអចិន្ត្រៃយ៍នៃសង្រ្គាមរយៈពេលមួយទសវត្សរ៍ នៅប្រទេសយេម៉ែន ដែលបានចាប់ផ្តើមនៅពេលដែលក្រុមហ៊ួទី បានដណ្តើមយករដ្ឋធានី Sanaa របស់ប្រទេសនេះ នៅក្នុងឆ្នាំ ២០១៤។ ទោះជាយ៉ាងណាក៏ដោយ ការដោះលែងរបស់ក្រុមហ៊ួទី កើតឡើង បន្ទាប់ពីពួកគេ បានឃុំខ្លួនអ្នកធ្វើការយេម៉ែន ៧នាក់ផ្សេងទៀត ពីអង្គការសហប្រជាជាតិ ដែលបង្កឲ្យមានកំហឹងពីស្ថាប័នពិភពលោកមួយនេះ។
អង្គការនេះ បានលើកឡើង ខណៈពេលប្រកាសពីការដោះលែងនោះថា អ្នកដែលត្រូវបានដោះលែង នាពេលកន្លងទៅ ត្រូវបានទៅសួរសុខទុក្ខដោយបុគ្គលិកកាកបាទក្រហម នៅទីក្រុង Sanaa ហើយបានទទួលការពិនិត្យសុខភាព និងជំនួយផ្សេងទៀត។ ក្រុមហ៊ួទី បានបញ្ជាក់កាលពីយប់ថ្ងៃសុក្រថា ពួកគេគ្រោងនឹងដោះលែងអ្នកទោស។
កាកបាទក្រហម បាននិយាយថា ខ្លួនស្វាគមន៍ការដោះលែងឯកតោភាគីនេះ ជាជំហានវិជ្ជមានមួយទៀតឆ្ពោះទៅរកការចរចាឡើងវិញ។