នគរបាលបែលហ្ស៊ិក កំពុងតាមស្វែងរកបុរសប្រដាប់ដោយអាវុធ បន្ទាប់ពីមានការបាញ់ប្រហារមួយដែលត្រូវបានរាយការណ៍ថា កើតឡើងនៅខាងក្រៅស្ថានីយរថភ្លើងក្រោមដីមួយ កណ្តាលទីក្រុងប៊្រុចសែល។
រូបភាពវីដេអូពីកាមេរ៉ាសុវត្ថិភាព CCTV បង្ហាញឲ្យឃើញបុរសយ៉ាងហោចណាស់ ២នាក់ ដែលពាក់មួកស្រោមមុខ ហើយកាន់អាវុធវែង Kalashnikov នៅច្រកចូលស្ថានីយ Clémenceau ក្នុងរដ្ឋធានីរបស់ប្រទេសបែលហ្ស៊ិក នាព្រឹកថ្ងៃពុធ (ទី៥ ខែកុម្ភៈ) នេះ។ វីដេអូពីកន្លែងកើតហេតុ បង្ហាញពីការបាញ់តគ្នា នៅវេលាម៉ោងប្រហែល ៦:១៥នាទី ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៥:១៥នាទី ម៉ោងសកល)។
លោកស្រី Sarah Frederickx អ្នកនាំពាក្យរបស់នគរបាលក្រុងប៊្រុចសែល បាននិយាយថា ជនសង្ស័យបានរត់គេចខ្លួនចូលទៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី ហើយប្រហែលជាមិនទាន់ចាកចេញពីផ្លូវរបស់រថភ្លើងក្រោមដីនោះនៅឡើយទេ។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា មិនមានអ្នករងរបួសក្នុងការបាញ់ប្រហារនោះទេ។ ទាំងនគរបាលក្នុងតំបន់ និងនគរបាលផ្លូវដែកសហព័ន្ធ កំពុងស្វែងរកនៅតំបន់នោះ៕