ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) ថា រដ្ឋបាលអាមេរិក នឹងធ្វើសេចក្តីប្រកាសស្តីពីតំបន់វេសបែង( West Bank) ក្នុងរយៈពេល ៤ សប្តាហ៍ខាងមុខ។
នៅពេលសួរថាតើសហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រាអែល នៅលើទឹកដីនេះ ឬយ៉ាងណា លោក ត្រាំ បាននិយាយថា៖«យើងកំពុងពិភាក្សារឿងនេះ ជាមួយអ្នកតំណាង [អ៊ីស្រាអែល] របស់អ្នកជាច្រើន។ អ្នកត្រូវបានតំណាងយ៉ាងល្អ ... [ប៉ុន្តែ] យើងមិនទាន់បានប្រកាន់យកជំហរណាមួយចំពោះតំបន់នេះ នៅឡើយទេ»។
លោកបានបន្ថែមថា លោកទំនងជានឹងធ្វើការប្រកាសអំពីជំហរនេះ ក្នុងរយៈពេល ៤សប្តាហ៍បន្ទាប់។