រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelattyកាលពីថ្ងៃពុធ បានអំពាវនាវឲ្យអាជ្ញាធរប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប ប៉ុន្មានម៉ោងបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានប្រកាសពីសំណើមួយសម្រាប់សហរដ្ឋអាមេរិក ដើម្បីគ្រប់គ្រងទឹកដីនេះ។
នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Mustafa លោក Abdelatty បាននិយាយថា អេហ្ស៊ីប បានខ្នះខ្នែងធ្វើយ៉ាង ដើម្បីឲ្យអាជ្ញាធរប៉ាឡេស្ទីន «ទទួលភារកិច្ចរបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា ជាផ្នែកនៃទឹកដីប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយអ៊ីស្រាអែល»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស។
លោក Abdelatty បានអំពាវនាវឲ្យមានការកសាងឡើងវិញយ៉ាងឆាប់រហ័សនូវតំបន់ហ្កាហ្សា ដោយគ្មានការផ្លាស់ទីលំនៅរបស់ជនជាតិប៉ាឡេស្ទីន ចេញពីទឹកដីនេះ បន្ទាប់ពីមានសំណើសុំរបស់លោក ត្រាំ ក្នុងការគ្រប់គ្រងតំបន់នេះ។
ក្រសួងការបរទេសអេហ្ស៊ីប បានបញ្ជាក់ថា លោករដ្ឋមន្ត្រីទាំងពីរ បានយល់ព្រមលើ «សារៈសំខាន់នៃការផ្លាស់ប្តូរឆ្ពោះទៅមុខជាមួយនឹងគម្រោងស្តារឡើងវិញ... ក្នុងល្បឿនដ៏លឿនមួយ... ដោយគ្មានប្រជាជនប៉ាឡេស្ទីន ចាកចេញពីតំបន់ហ្កាហ្សាស្ទ្រីប ជាពិសេសជាមួយនឹងការប្តេជ្ញាចិត្តរបស់ពួកគេចំពោះទឹកដីរបស់ពួកគេ និងការបដិសេធមិនចាកចេញជាដាច់ខាត។