នាយករដ្ឋមន្ត្រីកាតា និងជារដ្ឋមន្ត្រីការបរទេសលោក Mohammed bin Abdulrahman Al Thani កាលពីថ្ងៃអង្គារ បានបញ្ជាក់ជាថ្មីពីការគាំទ្រឥតងាករេរបស់កាតា ចំពោះប្រទេសលីបង់។
លោក Al Thani បានថ្លែងក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីលីបង់លោក Joseph Aoun នៅ វិមាន Baabda Palace ក្នុងទីក្រុងបេរូតថា៖«ប្រទេសកាតា នឹងដើរតួយ៉ាងសកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែងកសាងប្រទេសលីបង់ឡើងវិញ។
ប្រមុខការទូតកាតារូបនេះ បានបង្ហាញក្តីសង្ឃឹមសម្រាប់ការបង្កើតរដ្ឋាភិបាលលីបង់ថ្មី បានយ៉ាងឆាប់រហ័ស ដែលបំពេញតាមសេចក្តីប្រាថ្នារបស់ប្រជាជនស៊ីរីទាំងអស់។
លោកក៏បានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់កាតា ក្នុងការគាំទ្រកងកម្លាំងប្រដាប់អាវុធលីបង់ និងបានសង្កត់ធ្ងន់លើតម្រូវការក្នុងការអនុវត្តសេចក្តីសម្រេចលេខ ១៧០១របស់អង្គការសហប្រជាជាតិ ដើម្បីគោរពអធិបតេយ្យភាពរបស់ប្រទេសលីបង់។
លោក Al Thani បានបន្ថែមថា៖«យើងបានបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសលីបង់ និងអ៊ីស្រាអែល និងធានាការដកកងកម្លាំងអ៊ីស្រាអែលចេញពីភាគខាងត្បូងនៃប្រទេសនេះ ដោយថ្កោលទោសការរំលោភលើកិច្ចព្រមព្រៀងរបស់អ៊ីស្រាអែល ដែលបានចូលជាធរមាន នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ និងបានបញ្ចប់ជម្លោះរយៈពេល ១៤ ខែរវាងកងទ័ពអ៊ីស្រា អែល និងក្រុមហេសបូឡា។