រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan នាថ្ងៃពុធ (ទី៥ ខែកុម្ភៈ) នេះ បាននិយាយថា ប្រទេសទួរគី អ៊ីរ៉ាក់ ស៊ីរី និងហ្ស៊កដានី នឹងចាត់វិធានការឆ្ពោះទៅរកការរួមគ្នាប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម (IS) នៅក្នុងតំបន់ ហើយពួកគេមានបំណងរៀបចំកិច្ចប្រជុំលើកដំបូង ស្តីពីបញ្ហានេះ នៅក្នុងប្រទេសហ្ស៊កដានី។
គួរបញ្ជាក់ថា ចាប់តាំងពីការធ្លាក់ចេញពីតំណែងរបស់អតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad កាលពីខែធ្នូឆ្នាំមុន ទាំងប្រទេសលោកខាងលិច និងក្នុងតំបន់ បានព្រមានអំពីលទ្ធភាពកើតឡើងវិញនូវក្រុមរដ្ឋឥស្លាម។ សមាជិករាប់ពាន់នាក់នៃក្រុមសកម្មប្រយុទ្ធឥស្លាមនិយម កំពុងត្រូវបានឃុំខ្លួនក្នុងជំរុំពន្ធនាគារ នៅភាគឦសានស៊ីរី។
លោក Fidan បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu របស់ទួរគីថា ប្រទេសទាំង៤ បានឈានដល់កិច្ចព្រមព្រៀងបឋម ដើម្បីឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដែលពាក់ព័ន្ធនឹងក្រសួងការបរទេស និងការពារជាតិ និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសទាំងនេះ។
លោកបានបន្ថែមថា ប្រទេសទាំង៤ គ្រោងនឹងចាត់វិធានការ ជុំវិញសន្តិសុខតាមព្រំដែន។ តែយ៉ាងណាក្ដី លោកមិនបានប្រាប់ថា តើកិច្ចប្រជុំលើកដំបូងនឹងធ្វើឡើងនៅពេលណានោះទេ៕