ពេលដែលហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីស្ថិតក្នុងអគារបាក់បែក នៅពេលយប់ក្នុងតំបន់ហ្កាហ្សា ស្ទើតែងងឹតឈឹងតែម្តង ។ អគ្គិសនីក្រក្សត់ខ្លាំងនៅក្នុងដែនដីបិទច្រកមួយនេះ បង្ខំឲ្យអ្នកស្រុកពឹងផ្អែកលើអាគុយ និងទូរស័ព្ទសម្រាប់បំភ្លឺភ្លើង និងថាមពល ។
លោក Alaa Abu Sitta គ្រប់គ្រងហាងជួសជុលគ្រឿងអគ្គិសនី ជួសជុលអាគុយចាស់ ដែលជាតម្រូវការប្រចាំថ្ងៃពិបាករកនៅលើទីផ្សារបច្ចុប្បន្ន ។ តាមធម្មតាលោក Alaa គិតប្រាក់ជាង ៨ដុល្លារសម្រាប់ការជួសជុលអាគុយចាស់ៗ ប៉ុន្តែលោកបញ្ចុះតម្លៃខ្លះសម្រាប់អ្នកគ្មានលទ្ធភាពចំណាយ ។
នៅហាងជួសជុលទូរស័ព្ទ ម្ចាស់ហាងលោក Salah Hammami និយាយថា លោកជួបការលំបាកខ្លាំង ដោយសារដាច់ចរន្តអគ្គិសនី ហើយខ្វះខាតគ្រឿងអេឡិចត្រូនិកមូលដ្ឋានដូចជាខ្សែឆ្នាំងសាក ។
សម្រាប់គ្រួសារលោក Abu Dabag ដែលរស់នៅក្នុងសំពត់តង់នៅជិតផ្ទះរងការបំផ្លិចបំផ្លាញ គ្មានអគ្គិសនីប្រើប្រាស់នោះទេ ។
យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ ដោយលើកប្រភពពីក្រុមហ៊ុនអគ្គិសនីហ្កាហ្សា បានឲ្យដឹងថា ការដាច់ចរន្តអគ្គិសនីតំបន់ហ្កាហ្សា ប្រឈមនឹងការខាតបង់ជាទឹកប្រាក់ប្រហែល ៤៥០លានដុល្លារ ក្នុងនោះការបំផ្លិចបំផ្លាញមានរហូតដល់ ៨០ភាគរយ ៕