នៅថ្ងៃពុធនេះ ក្មេងៗប៉ាឡេស្ទីនចុងក្រោយ និងជនប៉ាឡេស្ទីនដែលរងរបួសនៅក្នុងជម្លោះហ្កាហ្សា នឹងចាកចេញពីដែនដីខ្ទេចខ្ទាំមួយនេះ សម្រាប់ការព្យាបាលនៅក្រៅប្រទេស ។
ភាគច្រើននៃអ្នកររបួសគឺជាក្មេងៗមានពិការភាពអវៈយវៈដែលបានជួបជុំគ្នានៅមន្ទីរពេទ្យអឺរ៉ុបស្ថិតក្នុងទីក្រុង Khan Younis រង់ចាំបញ្ជូនឆ្លងកាត់ច្រកព្រំដែន Rafah ។
ក្មេងស្រី Marah Khodr មានពិការភាពជើងម្ខាង និយាយថា នាងសង្ឃឹមថានឹងវិលត្រឡប់មកវិញ ពេលការព្យាបាលរបស់នាងបញ្ចប់ ។
ចំណែកឯក្មេងប្រុស Ahmed ដែលបាត់បង់គ្រួសាររបស់ខ្លួន ក្រោយផ្ទះរបស់ពួកគេរងការទម្លាក់គ្រាប់បែកនោះ ទទួលបានការអនុញ្ញាតឲ្យចាកចេញពីតំបន់ហ្កាហ្សាជាមួយជីដូនខាងឪពុក គឺលោកយាយ Alya Abu Fouju ដើម្បីស្វែងរកការព្យាបាល និងស្តារនីតិសម្បទាសម្រាប់ជើងស្តាំមានពិការភាពរបស់រូបគេ ។
ដោយឡែក ក្មេងប្រុស Jihad ដែលមានពិការភាពជើងទាំងទ្វេអង្គុយលើរទេះរុញ នឹងត្រូវចាកចេញផងដែរជាមួយម្តាយ Mona Abu Eyda ។
ច្រកព្រំដែន Rafah ដែលជាច្រកចេញ-ចូលដ៏សំខាន់សម្រាប់ដែនដីប៉ាឡេស្ទីនមួយនេះ បានបើក ឡើងវិញកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ជាលើកដំបូង ចាប់តាំងពីខែឧសភា ឆ្នាំ ២០២៤ ដើម្បីអនុញ្ញាតឲ្យអ្នកជំងឺប៉ាឡេស្ទីន ឆ្លងកាត់ចេញពីតំបន់ហ្កាហ្សា ទៅកាន់ប្រទេសអេហ្ស៊ីប ទទួលការព្យាបាល ។
អង្គការសុខភាពពិភពលោក(WHO) បានប៉ានស្មានថា អ្នកជំងឺធ្ងន់ធ្ងរចន្លោះពី ១២.០០០នាក់ និង ១៤.០០០នាក់ ត្រូវការជម្លៀសខ្លួនផ្នែកវេជ្ជសាស្រ្តទៅក្រៅតំបន់ហ្កាហ្សា ដើម្បីទទួលការព្យាបាល ៕