
ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីប្រកាសអនុញ្ញាតការរៀបចំជួបជុំទូទៅ រួមទាំងគណបក្សនយោបាយ ដោយមិនកំណត់ចំនួនមនុស្ស
តែត្រូវគោរពហ្មត់ចត់តាមវិធានការពារសុវត្ថិភាព ស្របតាមការកំណត់របស់ក្រសួងសុខាភិបាល និង អាជ្ញាធរមានសមត្ថកិច្ច។
សូមអានសារទាំងស្រុងរបស់សម្តេចតេជោ តាមរយៈផេកហ្វេសប៊ុកផ្លូវការនៅមុននេះបន្តិច :
« បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់!
បន្ថែមលើសារសំឡេងដែលខ្ញុំទើបបានបញ្ចេញមុននេះ ពាក់ព័ន្ធនឹងការអនុញ្ញាតនូវការចូលរួមក្នុងពិធីមង្គលការ និង ពិធីសាសនាផ្សេងៗ ដោយមិនកំណត់ចំនួនមនុស្ស តែត្រូវគោរពហ្មត់ចត់តាមវិធានការពារសុវត្ថិភាព ស្របតាមការកំណត់របស់ក្រសួងសុខាភិបាល និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការនូវការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩, ខ្ញុំសូមបញ្ជាក់បន្ថែមថា ការជួបជុំដោយមិនកំណត់ចំនួនមនុស្សចូលរួម តែត្រូវគោរពតាមវិធានសុខាភិបាល ដើម្បីការពារសុវត្ថិភាពពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះ ក៏ត្រូវបានអនុញ្ញាតដូចគ្នាដែរ សម្រាប់ការជួបជុំជាទូទៅផ្សេងទៀត ដើម្បីបំពេញការងារ ឬ ធ្វើសកម្មភាព និង ប្រារព្ធពិធីផ្សេងៗ រួមមាន ការជួបជុំរបស់ប្រជាពលរដ្ឋ, យុវជន សិស្ស និង និស្សិត, កម្មករ-និយោជិត, ក៏ដូចជាការជួបជុំរបស់មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ រួមបញ្ចូលទាំងការជួបជុំស្របតាមច្បាប់អនុញ្ញាត ដែលរៀបចំឡើងដោយគណបក្សនយោបាយនានាផងដែរ៕ សូមអរគុណ! »
