អតីតរដ្ឋមន្ត្រីសន្តិសុខសាធារណៈរបស់អ៊ីស្រាអែល និងជាអ្នកនយោបាយស្តាំនិយមជ្រុល លោក Itamar Ben-Gvir កាលពីថ្ងៃអង្ការ (ទី៤ ខែកុម្ភៈ) បានសរសើរជំហររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបាននិយាយថា អ្នកស្រុកហ្កាស្សា គួរតែត្រូវបានតាំងទីលំនៅនៅខាងក្រៅតំបន់ហ្កាហ្សា ដោយហៅចំណាត់ការនេះថា ជា «ដំណោះស្រាយតែមួយគត់»។
តាមរយៈការបង្ហោះ នៅលើវេទិកាបណ្ដាញសង្គម X លោក Ben-Gvir បានលើកឡើងថា «ការជំរុញឲ្យ» អ្នកស្រុកហ្កាហ្សាចាកចេញពីដែនដីនេះ គឺជាយុទ្ធសាស្ត្រត្រឹមត្រូវតែមួយគត់ នៅចុងបញ្ចប់នៃសង្គ្រាម ក្នុងតំបន់ហ្កាហ្សា រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។ លោកបានជំរុញឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu អនុម័តគោលនយោបាយនោះជាបន្ទាន់។
អតីតរដ្ឋមន្ត្រីមានចរិតរឹងត្អឹង ដែលជាផ្នែកមួយនៃចលនានយោបាយតស៊ូមតិ ដើម្បីឲ្យមានការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ នៅតំបន់ហ្កាហ្សា និងរដ្ឋមន្ត្រី ២រូបទៀត មកពីគណបក្សជាតិនិយម-សាសនារបស់លោក បានលាលែងពីគណៈរដ្ឋមន្ត្រីរបស់លោក Netanyahu កាលពីខែមករា ដោយសារមានកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលត្រូវបានធ្វើឡើងក្នុងគោលបំណងធានាដល់ការដោះលែងចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស នៅហ្កាហ្សា ជាថ្នូរនឹងការផ្ដល់សេរីភាពដល់អ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។
គួរបញ្ជាក់ថា នៅក្នុងការអត្ថាធិប្បាយដែលបានធ្វើឡើងកាលពីថ្ងៃទី៤ ខែកុម្ភៈ អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនរបស់លោក Netanyahu លោក Trump បានលើកឡើងពីលទ្ធភាពនៃការផ្លាស់ទីលំនៅរបស់ពលរដ្ឋប៉ាឡេស្ទីនជាង ២លាននាក់ដែលរស់នៅក្នុងតំបន់ហ្កាហ្សា ដោយលើកហេតុផលថា ទីនោះបានក្លាយទៅជាកន្លែងដែលមនុស្សមិនអាចរស់នៅបាន បន្ទាប់ពីមានសង្រ្គាមជិត ១៦ខែ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស៕