អង្គភាពសារព័ត៌មាន Shana របស់ក្រសួង នៅថ្ងៃពុធ (ទី៥ ខែកុម្ភៈ) នេះ បានរាយការណ៍ថា រដ្ឋមន្ត្រីប្រេងរបស់ប្រទេសអ៊ីរ៉ង់ បានលើកឡើងថា ការដាក់ទណ្ឌកម្មជាឯកតោភាគីលើប្រទេសផលិតប្រេងឆៅមួយនេះ នឹងធ្វើឲ្យទីផ្សារថាមពលអស្ថិរភាព បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងប្រឹងប្រែងជំរុញឲ្យការនាំចេញប្រេងរបស់ទីក្រុងតេអេរ៉ង់ធ្លាក់កម្រិតដល់សូន្យ។
លោក Mohsen Paknejad បានប្រាប់អគ្គលេខាធិការអង្គការ OPEC គឺលោក Haitham Al Ghais ថា៖ «ការលុបបំបាត់ឥទ្ធិពលនយោបាយលើទីផ្សារប្រេង គឺជាបញ្ហាសំខាន់ សម្រាប់សន្តិសុខថាមពល។ ការដាក់ទណ្ឌកម្មជាឯកតោភាគី ប្រឆាំងនឹងប្រទេសផលិតប្រេងសំខាន់ៗ និងការដាក់សម្ពាធលើអង្គការ OPEC នឹងធ្វើឲ្យទីផ្សារប្រេង និងថមពលអស្ថិរភាព ក៏ដូចជាធ្វើឲ្យប៉ះពាល់ផងដែរដល់ប្រើប្រាស់ នៅជុំវិញពិភពលោក»។
ការអត្ថាធិប្បាយរបស់លោក Paknejad បានកើតឡើងបន្ទាប់ពីលោក Trump បានធ្វើឲ្យមានឡើងវិញនូវយុទ្ធនាការ «ដាក់សម្ពាធខ្លាំងក្លាបំផុត» របស់លោក លើប្រទេសអ៊ីរ៉ង់ ក្នុងនោះរួមបញ្ចូលទាំងកិច្ចប្រឹងប្រែងជំរុញឲ្យការនាំចេញប្រេងរបស់ប្រទេសនេះធ្លាក់ចុះដល់កម្រិតសូន្យ ដើម្បីបញ្ឈប់ទីក្រុងតេអេរ៉ង់កុំឲ្យផលិតអាវុធនុយក្លេអ៊ែរបាន។
យុទ្ធនាការនេះត្រូវបានចាប់ផ្តើមជាលើកដំបូង អំឡុងអាណត្តិទី១ របស់លោក Trump ក្នុងឆ្នាំ២០១៨ ហើយបាននាំឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃការនាំចេញប្រេងរបស់អ៊ីរ៉ង់ ដោយមកនៅត្រឹម ២០០.០០០បារ៉ែល ក្នុងមួយថ្ងៃ ក្នុងរយៈពេលប៉ុន្មានខែនៃឆ្នាំ២០២០៕