ភ្នំពេញ៖ជនរងរបួសចំនួន៥នាក់ក្នុងករណីអគ្គិភ័យឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ នៅខណ្ឌដង្កោ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន(ពេទ្យលោកសង្ឃ)ត្រូវបានឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
បានជួយឧបត្ថម្ភថវិកា ក្នុងម្នាក់ៗចំនួន២លានរៀល ដើម្បីជួយសម្រួលក្នុងការព្យាបាល។
គួរបញ្ជាក់ថាករណីអគ្គិភ័យឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ នៅខណ្ឌដង្កោ មានជនរងគ្រោះស្លាប់២នាក់ និងរងរបួសធ្ងន់ចំនួន ៥នាក់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន(ពេទ្យលោកសង្ឃ)។
សូមបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីអគ្គិភ័យបានកើតឡើងននៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុមានជាងផ្សារដែកបានចូលទៅផ្សារជួសជុលនៅខាងក្នុង លុះមកដល់វេលាកេីតហេតុស្រាប់តែឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាលរដ្ឋ។
ក្លឹបកម្សាន្តខាងលេីមានយីហៅ មីតណាយព្រីមៀរក្លឹប មានទំហំ ៣៥ម៉ែត្រ គុណ៤០ម៉ែត្រ ឆេះខូចខាតសម្ភារៈក្នុងក្លឹបអស់ទាំងស្រុង និងម៉ូតូ ៥គ្រឿង និងរាលដាលដល់បន្ទប់ផ្ទះសំណាក់ទំហំ ៣,៥ម៉ែត្រ គុណ ០៥ម៉ែត្រ ចំនួន១បន្ទប់ ។ក្នុងប្រតិបត្តិការអន្តរាគមន៍ សង្គ្រោះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើពេលប្រមាណ៣ម៉ោង និងបានប្រើប្រាស់ទឹកអស់ចំនួន៥០ឡាន ស្មើនឹង១៦០ម៉ែត្រគូប៕
អត្ថបទ៖ កុម្ភៈ





