ក្រចេះ៖ យុវជន ណន សុខហេង អាយុ២២ឆ្នាំរស់នៅក្រុងក្រចេះ ខេត្តក្រចេះ និងថៅកែ ឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន «ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា មកដល់ពេលនេះ យុវជនរូបនេះបានយកថវិកាដែលសម្ដេចតេជោ ហ៊ុន សែន បានឧបត្ថម្ភទៅរៀនដុតនំប៉័ងចេះគ្រប់គ្រាន់ និងឈានមកបើកហាងលក់នំប៉័ងជាផ្លូវការហើយ ដោយដាក់ឈ្មោះថា «ហាងនំប៉័ងសម្ដេចតាចិត្តធម៌» ។
តាមរយៈបណ្ដាញសង្គមនៅយប់នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា បន្ទាប់ពីបានសម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង អាយុ២២ឆ្នាំរស់នៅក្រុងក្រចេះ ខេត្តក្រចេះ និងថៅកែ ឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន«ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា ដោយមានការចូលរួមពីគណៈកម្មកាធិការនីតិកម្មព្រឹទ្ធសភា ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជានិងស្នងការរាជធានីភ្នំពេញ រហូតមកដល់ថ្ងៃនេះ គឺមានរយៈពេល ៣ខែ ៥ថ្ងៃហើយ ដែលនៅពេលការសម្របសម្រួលបញ្ចប់រួចហើយនោះ សម្ដេចក៏បានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារសហរដ្ឋអាមេរិក និង ៣៥លានរៀល ព្រមទាំងបានបង្កើតអាជីវកម្មឡដុតនំប៉័ងមួយនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដល់ចៅប្រុស ដើម្បីប្រកបរបរចិញ្ចឹមគ្រួសារ។
សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា៖«ពេលនេះ ចៅ ណន សុខហេង បានផ្ញើរូប និងប្រាប់មកក្រុមជំនួយការខ្ញុំថា ឡដុតនំបុ័ងបានធ្វើរួចរាល់ ហើយចៅក៏រៀនចេះពីវិធីដុតនំប៉័ង និងបានចាប់ផ្ដើមអាជីវកម្ម ដុតនំប៉័ងលក់បាន៣ថ្ងៃរួចហើយ ដោយបានដាក់ឈ្មោះហាងថា « ហាងនំប៉័ងសម្ដេចតាចិត្តធម៌ » ព្រមទាំងបានអរគុណ មកតា យាយផងដែរ។ ល្អណាស់ចៅដែលបានខិតខំយកចិត្តទុកដាក់រៀនវិជ្ជាជីវៈអាជីវកម្មឡដុតនំប៉័ង ដែល តា និងយាយ បានរៀបចំអោយចៅសម្រាប់ប្រកបចិញ្ចឹមគ្រួសារទៅថ្ងៃមុខ»។
សម្ដេចតេជោបានផ្ដាំទៅយុវជនរូបនេះថា៖«តាសូមផ្តាំផ្ញើដល់ចៅគឺត្រូវផលិតឲ្យមានគុណភាព.មានអនាម័យ.ឆ្ងាញ់. និងតម្លៃសមរម្យ.។ ចៅត្រូវឈានទៅរកការផលិតនំផ្សេងទៀតដូចជានំបុណ្យខួបកំណើតជាដើមដែលចៅបាននិយាយប្រាប់តា។ ចៅត្រូវចាំទីផ្សារមានការប្រកួតប្រជែងទាំងគុណភាពទាំងរសជាតិនិងតម្លៃ។ ចៅត្រូវយកលុយបង្កើតលុយ»។
ក្នុងឱកាសនេះ សម្ដេចតេជោ បានអរគុណជាថ្មីដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញដែលជួយសម្រួលគ្រប់យ៉ាងនៅពេលនោះ និងអរគុណឯកឧត្តម សេង ទៀង ដែលបាន តាមដានដំណើការរៀបចំការផលិត តាំងពីចាប់ផ្តើមកសាងរហូតដល់ការផលិតនាពេលនេះ។
ក្នុងឱកាសនេះ សម្ដេចតេជោបានបញ្ជាក់បន្ថែមថា៖«ក្រុមជ្រុលនិយមបានវាយប្រហារតាថា មកគិតរឿងកូនឆ្កែកំប៉ិកកំប៉ុកមិនគិត រឿងជាតិធំៗ។តាតែងតែប្រាប់ទៅគេវិញថាបើមិនចេះដោះស្រាយរឿងកំបុិចកំប៉ុកសូមកុំប្រាថ្នាធ្វើអ្នកធំធ្វើអីតា និងយាយ ជូនពរ ចៅជោគជ័យក្នុងរបរដុតនំប៉័ងរបស់ចៅ»៕







