រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក David Lammy និយាយនៅថ្ងៃពុធនេះថា គួរតែមានតម្រូវការធានាថា ជនប៉ាឡេស្ទីនមានអនាគតនៅក្នុងទឹកដីកំណើតរបស់ពួកគេ រយៈពេល ១ថ្ងៃ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ស្នើសុំឲ្យផ្លាស់ប្តូរទីកន្លែងរស់នៅរបស់ជនប៉ាឡេស្ទីន និងគ្រប់គ្រងតំបន់ហ្កាហ្សា ដើម្បីអភិវឌ្ឍវា ។
លោក Lammy និយាយប្រាប់សន្និសីទសារព័ត៌មានជាមួយសមភាគីអ៊ុយក្រែនថា ពួកយើងតែងតែច្បាស់នៅក្នុងជំនឿរបស់ពួកយើងថា ពួកយើងត្រូវតែមើលឃើញរដ្ឋ ២ ។ ពួកយើងត្រូវតែមើលឃើញជនប៉ាឡេស្ទីនរស់នៅ និងរីកចម្រើននៅក្នុងទឹកដីកំណើតរបស់ពួកគេនៅតំបន់ហ្កាហ្សា ហើយនិងតំបន់វ៉េសប៊ែង ។
ខណៈពេលនោះដែរ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនលោក Andrii Sybiha និយាយថា អ៊ុយក្រែនមាននូវសក្តានុពលដ៏ធំមួយក្នុងការទិញ ឬស្តុកឧស្ម័នធម្មជាតិរាវ LNG ពីសហរដ្ឋអាមេរិក ហើយលោកបានអញ្ជើញក្រុមធុរកិច្ចសហរដ្ឋអាមេរិក ឲ្យចូលរួមកសាងអ៊ុយក្រែនឡើងវិញ ។
លោកបាននិយាយផងដែរថា លោកសង្ឃឹមថានឹងមានកិច្ចសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio ក្នុងពេលដ៏ខ្លីខាងមុខនេះ ៕