ស្ថាប័នដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវបាននិយាយកាលពីថ្ងៃពុធទី ៥ ខែកុម្ភៈសប្ដាហ៍នេះថាប្រទេសចិនបានចាប់ផ្តើមជម្លោះនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញការដំឡើងពន្ធដែលដាក់ដោយប្រធានាធិបតីអាមេរិកលោក Donald Trump លើទំនិញរបស់ចិន។

លោក Trump កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុនបានបញ្ជាឱ្យដំឡើងពន្ធលើទំនិញនាំចូលពីម៉ិកស៊ិក កាណាដា និងចិន ដោយទាមទារឱ្យប្រទេសទាំងនោះទប់លំហូរនៃសារធាតុញៀនហ្វង់តានីល (fentanyl)និងជនអន្តោប្រវេសន៍ខុសច្បាប់សម្រាប់កាណាដា និងម៉ិកស៊ិក ប៉ុន្តែក្រោយមកបានផ្អាកការដំឡើងពន្ធរយៈពេលមួយខែ ចំពោះប្រទេសអាមេរិកខាងជើងទាំងពីរនេះ។

ប្រទេសចិន ដែលលោក Trump បានដាក់គោលដៅដំឡើងពន្ធ ១០%លើទំនិញនាំចេញ បានប្តេជ្ញាប្រជែងចំណាត់ការនេះនៅអង្គការពាណិជ្ជកម្មពិភពលោក WTO។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានដកស្រង់ដោយអង្គការ WTO រដ្ឋាភិបាលរបស់ប្រទេសចិនបាននិយាយថាវិធានការទាំងនេះទំនងជាមិនស៊ីសង្វាក់គ្នានឹងកាតព្វកិច្ចរបស់សហរដ្ឋអាមេរិកក្រោមកិច្ចព្រមព្រៀងដែលឈានទៅដល់ការបង្កើតស្ថាប័នពាណិជ្ជកម្មនេះទេ។

សេចក្តីថ្លែងការណ៍របស់ចិនបាននិយាយថា ប្រទេសចិនរក្សាសិទ្ធិក្នុងការបង្កើនវិធានការ និងការទាមទារបន្ថែមទាក់ទងនឹងបញ្ហាដែលបានកំណត់នៅទីនេះ ក្នុងអំឡុងពេលនៃការពិគ្រោះយោបល់ និងនៅក្នុងសំណើនាពេលអនាគតណាមួយ សម្រាប់ការបង្កើតស្ថាប័ននេះ តែពុំបានផ្ដល់ព័ត៌មានលម្អិតថាតើវិធានការទាំងនោះអាចជាអ្វីនោះទេ៕