ចិន៖ ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិននឹងពង្រីកការបើកចំហដោយឥតឈប់ឈរ និងចែករំលែកឱកាសអភិវឌ្ឍន៍របស់ខ្លួនជាមួយសមាជិក APEC និងពិភពលោកកាន់តែទូលំទូលាយ។ លោក Xi Jinping បានលើកឡើងដូច្នេះនៅពេលថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី២៨ នៅទីក្រុងប៉េកាំងតាមរយៈបណ្ដាញវីដេអូ។
លោកនិយាយថា ឆ្នាំនេះជាខួបលើកទី១០០ នៃការបង្កើតបក្សកុម្មុយនិស្តចិន (CPC)។ វាគឺជាគោលដៅដែលមិនផ្លាស់ប្ដូររបស់បក្សកុម្មុយនិស្តចិន ក្នុងការផ្តល់នូវជីវិតកាន់តែប្រសើរឡើងសម្រាប់ប្រជាជនចិនជាង ១.៤ពាន់លាននាក់ និងដើម្បីធ្វើឲ្យប្រសើរឡើងសន្តិភាព និងការអភិវឌ្ឍន៍សម្រាប់មនុស្សជាតិ។ ពេលនេះប្រទេសចិនបានចាប់ផ្ដើមដំណើរថ្មី ឆ្ពោះទៅរកការកសាងប្រទេសសង្គមនិយមទំនើបយ៉ាងពេញលេញ។ លោក Xi បាននិយាយថា ប្រទេសចិននឹងពង្រីកការបើកចំហដោយមិនងាករេ ហើយចែករំលែកឱកាសអភិវឌ្ឍន៍របស់ខ្លួនជាមួយសមាជិក APEC និងពិភពលោកកាន់តែទូលំទូលាយ។
ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយថា ដើម្បីបំបាត់ជំងឺរាតត្បាត COVID-19 និងស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ នៅដើមដំបូងគឺជាអាទិភាពកំពូលសម្រាប់សេដ្ឋកិច្ច APEC នៅពេលនេះ។ យើងត្រូវអនុវត្តតាមវិធីសាស្ត្រដែលផ្អែកលើវិទ្យាសាស្ត្រក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត ធ្វើឲ្យប្រសើរឡើងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំរុញការស្រាវជ្រាវការអភិវឌ្ឍន៍ ការផលិត និងការចែកចាយវ៉ាក់សាំងដោយយុត្តិធម៌៕
អត្ថបទ៖ ប៊ុនថន