សេវាប្រៃសណីយ៍របស់សហរដ្ឋអាមេរិក USPS បាននិយាយកាលពីថ្ងៃពុធ (០៥ កុម្ភៈ) ថា ខ្លួននឹងទទួលយកកញ្ចប់ឥវ៉ាន់ពីប្រទេសចិន និងទីក្រុងហុងកុងម្តងទៀត ដោយផ្លាស់ប្តូរការផ្អាករយៈពេល ១២ម៉ោង បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានលុបចោលការលើកលែងពន្ធតូចតាច ដែលប្រើដោយអ្នកលក់រាយរួមមាន ធីមូ (Temu), ស្ហេន (Shein) និង អាម៉ាហ្សូន (Amazon) ដើម្បីដឹកជញ្ជូនកញ្ចប់ទំនិញតម្លៃទាប ដោយមិនគិតពន្ធទៅអាមេរិក។

សកម្មភាពនេះបានបន្ថែមទៅលើភាពច្របូកច្របល់កាន់តែខ្លាំងឡើងក្នុងចំណោមអ្នកលក់រាយ និងក្រុមហ៊ុនដឹកជញ្ជូន ជុំវិញវិធីដោះស្រាយជាមួយនឹងពន្ធបន្ថែម ១០% ថ្មីរបស់លោក Trump លើការនាំចូលពីចិន និងការបញ្ឈប់ការលើកលែងពន្ធ "តូចតាច" សម្រាប់កញ្ចប់ឥវ៉ាន់ដែលមានតម្លៃក្រោម ៨០០ដុល្លារ ជាមួយនឹងគោលបំណងដែលបានបញ្ជាក់ក្នុងការបញ្ឈប់លំហូរនៃសារធាតុគីមីហ្វង់តានីលចូលទៅក្នុងសហរដ្ឋអាមេរិក។

អ្នកដឹកជញ្ជូនអន្តរជាតិសំខាន់ៗបានសន្យាថានឹងរក្សាការចែកចាយ ប៉ុន្តែការរំខានអាចនៅតែកើតមានឡើងនៅពេលសេវាប្រៃសនីយ៍ USPS កំពុងរកវិធីប្រមូលពន្ធលើកញ្ចប់ឥវ៉ាន់តូចៗ ឱ្យស្របទៅនឹងការចង់បានរបស់ក្រសួងគយ និងការពារព្រំដែនអាមេរិក CBP។

យោងតាមទិន្នន័យរបស់ក្រសួង CBP បានឱ្យដឹងថា ការដឹកជញ្ជូនប្រហែល ១,៣៦ពាន់លានជើង បានចូលអាមេរិក ដោយប្រើការលើកលែងពន្ធតូចតាចនេះក្នុងឆ្នាំ២០២៤ ដោយកើនឡើង ៣៦% ពីឆ្នាំ២០២៣។ របាយការណ៍របស់សារព័ត៌មានរ៉យទ័របានរកឃើញថា អ្នកជួញដូរគ្រឿងញៀនបានកេងប្រវ័ញ្ចការលើកលែងពន្ធតូចតាចនេះដើម្បីនាំយកសារធាតុហ្វង់តានីល និងសារធាតុគីមីផ្សេងទៀតចូលទៅក្នុងទឹកដីអាមេរិក ដោយមិនមានការត្រួតពិនិត្យ៕