អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃពុធសប្ដាហ៍នេះ ប្រឆាំងនឹងការបោសសម្អាតជនជាតិភាគតិចនៅតំបន់ហ្កាហ្សា ទន្ទឹមនឹងលោកបានច្រានចោលសំណើរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump សម្រាប់ឲ្យសហរដ្ឋអាមេរិកកាន់កាប់ទឹកដីប៉ាឡេស្ទីន និងផ្លាស់ទីលំនៅប្រជាជនទាំងអស់របស់ដែនដីជាប់មាត់សមុទ្រមួយនេះ។

លោក Trump មានបំណងគ្រប់គ្រងដែនដីហ្កាហ្សា និងបង្កើតជាតំបន់លំនៅឋានលំហែកាយមាត់សមុទ្ររបស់មជ្ឈិមបូព៌ា។

ក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃអង្គារសប្ដាហ៍នេះជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu លោក Trump បានស្នើសុំកម្មសិទ្ធិរយៈពេលវែងលើតំបន់ហ្កាហ្សាដោយសហរដ្ឋអាមេរិក ដែលបង្កឱ្យមានការចលាចលនិងការថ្កោលទោសជាអន្តរជាតិ។

ការអត្ថាធិប្បាយនេះបានធ្វើឡើង បន្ទាប់ពីលោកបានអំពាវនាវដដែលៗក្នុងប៉ុន្មានថ្ងៃថ្មីៗនេះឲ្យអ្នកស្រុកក្នុងទឹកដីរងការបំផ្លិចបំផ្លាញដោយសង្រ្គាមមួយនេះ ផ្លាស់ទីទៅប្រទេសហ្ស៊កដានី ឬអេហ្ស៊ីប។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់គណៈកម្មាធិការអង្គការសហប្រជាជាតិដែលទាក់ទងនឹងសិទ្ធិរបស់ប្រជាពលរដ្ឋប៉ាឡេស្ទីនថា នៅក្នុងខ្លឹមសារនេះ ការអនុវត្តសិទ្ធិដែលមិនអាចកាត់ផ្តាច់បានរបស់ប្រជាជនប៉ាឡេស្ទីន គឺអំពីសិទ្ធិរបស់ជនជាតិប៉ាឡេស្ទីនក្នុងការរស់ជាមនុស្សជាតិនៅក្នុងទឹកដីរបស់ពួកគេ៕