ប្រជាជនប៉ាឡេស្ទីន ពលរដ្ឋអារ៉ាប់សញ្ជាតិអាមេរិក ក្នុងនោះរួមមានអ្នកខ្លះដែលគាំទ្រលោក Donald Trump ក្នុងការបោះឆ្នោតឆ្នាំ២០២៤ បណ្ដារដ្ឋអារ៉ាប់ និងអឺរ៉ុប និងរដ្ឋាភិបាលផ្សេងទៀតទូទាំងពិភពលោក បានរិះគន់ និងច្រានចោលយ៉ាងដាច់អហង្ការចំពោះសំណើរបស់ប្រធានាធិបតីអាមេរិករូបនេះ ដែលថាសហរដ្ឋអាមេរិក "នឹងកាន់កាប់" ដែនដីហ្កាហ្សាស្រ្ទីប និងតាំងទីលំនៅថ្មីជាអចិន្ត្រៃយ៍សម្រាប់ប្រជាជនប៉ាឡេស្ទីនរបស់តំបន់ហ៊ុមព័ទ្ធនេះ។

លោក Trump បានលើកឡើងបែបនោះនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយនឹងការធ្វើទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយមិនបានផ្តល់ព័ត៌មានលម្អិតអ្វីឡើយ ហើយក៏មិនបដិសេធការពាក់ព័ន្ធរបស់យោធាអាមេរិក នៅក្នុងគម្រោងនេះដែរ។

មេដឹកនាំភាគច្រើនរាប់ចាប់ពីមជ្ឈិមបូព៌ា អាស៊ី ដល់អឺរ៉ុប បានច្រានចោលការអត្ថាធិប្បាយរបស់លោក Trump ថាជាការបំភាន់ដែលមិនប្រាកដប្រជា ហើយបាននិយាយថាលោកទំនងជាមិនព្រមបង់ខាតនយោបាយដ៏ធំមួយនៅក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីនទេ។ ការលើកឡើងរបស់លោក Trump ក៏ត្រូវបានក្រុមហាម៉ាស រិះគន់ផងដែរ ដោយហៅថាជាការប៉ុនប៉ងដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើតំបន់ហ្កាហ្សា។

ទោះបីជាមានការថ្កោលទោសខ្លាំងៗជាសកលក៏ដោយ លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យប្រធានាធិបតីកាលពីថ្ងៃពុធថា "មនុស្សគ្រប់គ្នាពេញចិត្តផែនការនេះ" ដោយមិនបានបញ្ជាក់ថាលោកកំពុងសំដៅទៅលើអ្នកណានោះទេ៕