ការស្ទង់មតិប្រចាំឆ្នាំនៃអតិថិជនពាណិជ្ជកម្មតាមស្ថាប័នដោយធនាគារ JPMorgan Chase បានបង្ហាញកាលពីថ្ងៃពុធ (០៥ កុម្ភៈ) ថា ពាណិជ្ជករនៅទូទាំងពិភពលោកព្យាករថា ការដំឡើងពន្ធ និងអតិផរណា នឹងជះឥទ្ធិពលដ៏ធំបំផុតលើទីផ្សារពិភពលោកក្នុងឆ្នាំ២០២៥ ខណៈពួកគេកំពុងទប់ទល់នឹងការប្រែប្រួល និងភាពរង្គោះរង្គើក្នុងទីផ្សារ។

ធនាគារនេះនិយាយថា តួលេខ ៥១% នៃអ្នកឆ្លើយសំណួរចំនួន ៤.២៣៣នាក់របស់ខ្លួន បានដាក់ឈ្មោះអតិផរណា និងពន្ធបន្ថែម រួមគ្នាថាជាចំណុចដ៏ក្ដៅគគុកចម្បងគេ ដែលទំនងជាគ្របដណ្តប់ទីផ្សារនៅឆ្នាំនេះ។ កាលពីឆ្នាំមុន អតិផរណាក៏ជាកង្វល់ចម្បងផងដែរ ប៉ុន្តែនោះជាចម្លើយសម្រាប់អ្នកសម្ភាសន៍តែ ២៧% ប៉ុណ្ណោះ។

ការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការដាក់ពន្ធបន្ថែមលើទំនិញនាំចូលពីបរទេស និងផ្សេងទៀតសំដៅលើវិស័យ ឬប្រទេសជាក់លាក់ជាច្រើន បានវាយលុកទីផ្សាររួចទៅហើយនៅឆ្នាំនេះ។ អ្នកជំនាញទីផ្សារជាច្រើនមើលឃើញគោលនយោបាយពន្ធដាររបស់អាមេរិកនោះថាជាអតិផរណា។

សន្ទស្សន៍ភាគហ៊ុនពិភពលោកសំខាន់ៗបានប្រែប្រួលឡើងចុះមិនទៀតទាត់ក្នុងសប្ដាហ៍នេះ បន្ទាប់ពីលោក Trump បានប្រកាសកាលពន្ធថ្មីចំនួន ២៥% លើការនាំចូលពីម៉ិកស៊ិក និងកាណាដា និង ១០% លើចិន ដែលក្រោយមកនៅថ្ងៃបន្ទាប់ក៏បានពន្យារពេលពន្ធលើម៉ិកស៊ិក និងកាណាដា ប៉ុន្តែពន្ធលើទំនិញចិននៅតែចូលជាធរមាន ដោយបង្កសង្រ្គាមពន្ធសងសឹកគ្នាទៅមកជាថ្មីរវាងចិន និងអាមេរិក៕