នាយករដ្ឋមន្ត្រីបារាំង លោក Francois Bayrou កាលពីថ្ងៃពុធ (០៥ កុម្ភៈ) បានរួចផុតពីការបោះឆ្នោតដកសេចក្ដីទុកចិត្តចំនួនពីរលើកនៅក្នុងសភា ដោយបើកផ្លូវសម្រាប់ការអនុម័តថវិកាឆ្នាំ២០២៥ ដែលពន្យារពេលច្រើនមកហើយ ដោយនេះត្រូវបានគេមើលឃើញថាជាគន្លឹះក្នុងការកាត់បន្ថយប្រព័ន្ធបំណុលដែលបានខូចរបស់ប្រទេសបារាំង។

ការបោះឆ្នោតដកសេចក្ដីទុកចិត្តនោះត្រូវបានធ្វើឡើងរដោយគណបក្សឆ្វេងនិយមប្រកាន់ជំហរតឹង ប៉ុន្តែត្រូវបានបំផ្លាញចោលវិញ បន្ទាប់ពីបក្សរួបរួមកម្លាំងជាតិស្តាំនិយមជ្រុល និងក្រុមសង្គមនិយម កណ្តាលនិយមឆ្វេង មិនគាំទ្រញត្តិនេះ។ សរុបមក សមាជិកសភាចំនួន ១២៨រូប បានបោះឆ្នោតគាំទ្រញត្តិទីមួយ ហើយ ១២២រូបគាំទ្រញត្តិទីពីរ ដែលជាតួលេខតិចជាង ២៨៩សំឡេងដែលត្រូវការ។

សមាជិកសភាឆ្វេងនិយមជ្រុល បានដាក់ញត្តិដកសេចក្ដីទុកចិត្តពីរលើកនេះប្រឆាំងនឹងនាយករដ្ឋមន្ត្រីបារាំង បន្ទាប់ពីលោកបានអំពាវនាវឱ្យមានអំណាចពិសេសក្នុងរដ្ឋធម្មនុញ្ញដើម្បីបង្ខំឱ្យឆ្លងថវិកាឆ្នាំ២០២៥។ អំណាចពិសេសនោះត្រូវបានគេស្គាល់ថាជាមាត្រា ៤៩.៣ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលសំឡេងភាគតិចអនុម័តច្បាប់មួយដោយពុំមានការបោះឆ្នោតសភា។

ទាំងបក្សរួបរួមកម្លាំងជាតិ និងបក្សសង្គមនិយម បានផ្តល់សញ្ញាមុនការបោះឆ្នោតនោះរួចហើយថា ពួកគេនឹងមិនគាំទ្រញត្តិនេះទេដោយសារបារាំងត្រូវការថវិកាឆ្នាំ២០២៥ ប៉ុន្តែជាមួយគ្នានេះ ក្រុមសង្គមនិយមក៏បាននិយាយថា នៅពេលក្រោយពួកគេនឹងដាក់ញត្តិដកសេចក្ដីទុកចិត្តដាច់ដោយឡែកមួយផ្សេងទៀត ជុំវិញការអត្ថាធិប្បាយថ្មីៗដោយលោកនាយករដ្ឋមន្រ្តី Bayrou អំពីរឿងអន្តោប្រវេសន៍៕